ភ្នំពេញ៖ ករណីហិង្សាមួយបានបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរគមន៍ភ្លាមៗដោយឃាត់ខ្លួនបុរសម្នាក់ យកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យា ដែលពាក់ព័ន្ធករណីហិង្សារវាងក្រុមជាងភ្លើង និងជាងលាបថ្នាំ បើកឈើឆាក់ប្រយុទ្ធគ្នាមួយប្រាវ ។
ករណីហិង្សាវាយតប់គ្នាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបរិវេណប្រេងឥន្ទនៈតេលា ម្តុំលូ៥ ភូមិដំណាក់ធំ៥ តាមផ្លូវវែងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ជាភាគីខាងជាងភ្លើង ដែលត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួននោះ បានឲ្យដឹងថា កាលពី៣ថ្ងៃមុនកន្លងមកនេះ រូបគេនិងភាគីម្ខាងទៀតបានទាស់សម្តីគ្នាបន្តិចបន្តួច លុះព្រឹកថ្ងៃកើតហេតុ រូបគេបានផឹងស្រាស្រវឹងស្រឿងៗផងដែរនោះ ក៏ជិះម៉ូតូជួបភាគីម្ខាងទៀតជាជាងលាបថ្នាំ នៅចំណុចខាងលើ ក៏ស្ទុះទៅវាយគ្នាតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរគមន៍ចាប់ខ្លួន ។ ចំណែកភាគីម្ខាងទៀតរត់គេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានចុះទៅដល់កន្លែងកើតហេតុខាងលើ ដោយឃាត់ខ្លួនបុរសម្នាក់យកមកអប់រំ រួចឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕ ស តារា