ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនចៅកែស្រីជនជាតិវៀតណាមរកស៊ីឈើប្រណីតម្នាក់ និងម្ចាស់ផ្ទះម្នាក់ខណៈទិញឈើដឹកតាមម៉ូតូមកលាក់ទុកក្នុងផ្ទះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្ទះដីឡូត៍ដែលជាកន្លែងស្តុកឈើប្រណីត របស់ថៅកែស្រីជាជនជាតិវៀតណាមម្នាក់ ដោយបានឈរជើងចាំទទួលទិញ ពីក្រុមអ្នករកស៊ីឈើដឹកតាមម៉ូតូ និងរ៉ឺម៉កម៉ូតូរជាយូរណាស់មកហើយ យកមកស្តុកទុកបានច្រើន ទើបយករថយន្តដឹកយកទៅលក់បន្តនោះ ពេលនេះត្រូវលោកព្រះអាជ្ញារង អមសាលាដំបូងខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលក្រុង រួមនឹងរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបភ្លាមៗ រួចឃាត់ខ្លួនថៅកែឈើស្ត្រីម្នាក់ជាជនជាតិវៀតណាម រួមនឹងស្រ្តីម្នាក់ជាម្ចាស់ផ្ទះ នៅចំណុច ទល់មុខអគ្គបញ្ជាការកងទព័ជើងគោក ខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង២៥នាទី។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបទីតាំងស្តុកឈើប្រណីតខាងលើនោះ បានលួចបង្ហើបឲ្យដឹងថា ផ្ទះស្តុកឈើប្រណីតដែលជារបស់ថៅកែស្រី ជាជនជាតិវៀតណាមម្នាក់នេះឈរចាំប្រមូលទិញឈើប្រណីតពីក្រុមអ្នកដឹកឈើតាមម៉ូតូ ឃើញថា មានរយៈពេលជាយូរមកហើយ តែងតែយកមកលាក់ទុកក្នុងផ្ទះមួយនេះ តែមិនដែលឃើញមានជំនាញណាមកចុះបង្ក្រាបនោះទេ ប្រហែលជាថៅកែឈើស្រីម្នាក់នេះ បានរៀបចំដាក់សំណែនសែនត្រូវហើយមើល៍ទៅ ទើបបានជារកស៊ីបានកាក់កបបានយូរយ៉ាងនេះ។

ប្រភពដដែលបញ្ជាក់ថា ប្រហែលជាថៅកែឈើស្រីជនជាតិវៀតណាមរូបនេះ ឥឡូវនេះ ត្រូវបានអស់លក្ខណ៍ សែនសំណែនលែងត្រូវ ទើបបាននៅថ្ងៃនេះ ត្រូវបានលោកព្រះរាជអាជ្ញារងអមសលាដំបូងខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដល់កន្លែងតែម្តង ដោយចាប់ឃាត់ខ្លួនបានទាំងថៅកែឈើម្នាក់ ជាស្ត្រីជនជាតិវៀតណាម រួមទាំងស្ត្រីម្ចាស់ផ្ទះម្នាក់ទៀតផង រួចនាំខ្លួនយកទៅផ្ញើនៅអធិការដ្ឋានក្រុងស្ទឹងត្រែងស្ងាត់ៗ ដោយមិនបានស្គាល់អត្តសញ្ញាណនោះទេ ដោយមន្ត្រីជំនាញអធិការក្រុងបានប្រាប់ថា ព្រះរាជអាជ្ញាយកមកផ្ញើសិន ព្រោះលោកជាប់រវល់។

ជុំវិញក្នុងរឿងនេះ លោក សុខ ស៊ីដា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ថា ឈើដែលបង្ក្រាបបានខាងលើនោះ មានចំនួន១៩៥ដុំ ជាប្រភេទឈើធ្នង់។ លោកបានបញ្ជាក់ថា ឈើត្រូវបានដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដែលនៅជាប់និងគល់ស្ពានសេកុង ៕ មាស សុផាត


ចែករំលែក៖