ខេត្តរតនគិរី៖ អាវុធវែងមួយដើមដែលប្រជាពលរដ្ឋអ្នកដើរអេតចាយម្នាក់ប្រទះឃើញ នៅចុងព្រលានយន្តហោះ ហើយរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញនោះ បានបញ្ជូនបន្តទៅការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ហើយ នៅព្រឹកថ្ងៃអាទិត្យទី១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
ហេតុការណ៍ប្រទះឃើញអាវុធនោះនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១២រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ត្រង់ចំណុចចុងព្រលានយន្តហោះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមប្រភពបានឱ្យដឹងថា ក្រោយមានការភ្ញាក់ផ្អើលក្នុងពេលប្រទះឃើញអាវុធធុនវែងមួយដើមនោះភ្លាមអ្នករើសអេតចាយខាងលើបានរាយការណ៍បន្ទាន់ដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាចាញដែលនៅកៀកជិតក្បែរនោះ ដើម្បីត្រួតពិនិត្យនិងនាំយកទៅរក្សាទុក។
លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឲ្យក្រុមអ្នកព័ត៌មានដឹងថា អាវុធខាងលើជាប្រភេទអាវុធធុន AK47មានបង់មួយ និងគ្រាប់៥គ្រាប់។
អ្នករើសអេតចាយឈ្មោះ ឆុន សារំុ ភេទស្រី អាយុជាង៣០ឆ្នាំ រស់នៅសង្កាត់កាចាញក្រុងបានលុងប្រទះឃើញនៅចុងព្រលានយន្តហោះ ខណៈដែលគាត់ដើររើសអេតចាយ។
ការប្រទះឃើញអាវុធដ៏គ្រោះថ្នាក់ខាងលើនេះគេសង្ស័យថាអាចមានជនលាក់ទុកបំរុងធ្វើកម្មភាពបង្កគ្រោះថ្នាក់ដល់អ្នកណាមួយហើយ។
បច្ចុប្បន្នអាវុធខាងលើត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញធ្វើកំណត់ហេតុប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រក្សាទុក ដើម្បីស្រាវជ្រាវបន្ត៕ សហការី