ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញស្រូវម្នាក់ ត្រូវអាជ្ញាធរវៀតណាមឃាត់ខ្លួន ចោទពីបទប៉ុនប៉ងនាំលុយជាង៤ម៉ឺនដុល្លារចូលកម្ពុជាជាលុយរត់ពន្ធស្រូវ

ចែករំលែក៖

ខេត្តកំពតៈ តាមការចុះផ្សាយរបស់សារព័ត៌មាន Nhan Dan របស់វៀតណាម នៅថ្ងៃចន្ទ១៤រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ឲ្យដឹងថាជនជាតិខ្មែររស់នៅខេត្តកំពតម្នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃាត់ខ្លួន នៅទីក្រុងហាទៀន ខេត្តគៀនយ៉ាង បន្ទាប់ពីលួចរត់ពន្ធស្រូវពីកម្ពុជារាប់តោន ចូលទៅកាន់ប្រទេសវៀតណាម។

ជនជាតិខ្មែរ ដែលចាប់ខ្លួននោះ ឈ្មោះ ហួរ ណាត ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវចាប់ខ្លួន ក្នុងកាលបរិច្ឆេទមិនជាក់លាក់ នៅពេលប៉ុនប៉ងយកប្រាក់ចំនួន១៧៦លានរៀលស្មើនឹង ជាង៤ម៉ឺនដុល្លារអាមេរិក ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ។

នគរបាលប្រជាជនវៀតណាមបានសម្រេចចិត្ត ចាប់ខ្លួនបុរសខ្មែររូបនេះ ពីបទដឹកជញ្ជូនរូបិយប័ណ្ណ និងផលិតផលឆ្លងកាត់ព្រំដែន ដោយមិនបានប្រកាសដល់ទីភ្នាក់ងារមានសមត្ថកិច្ច ដែលផ្ទុយនឹងមាត្រា ១៨៩ នៅក្រោមក្រមព្រហ្មទណ្ឌរបស់វៀតណាម។

អាជ្ញាធរវៀតណាម បានបញ្ជាក់ថា ការនាំចូលស្រូវពីកម្ពុជាទៅវៀតណាមបានក្លាយទៅជារឿងសាមញ្ញទៅហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះអង្ករកម្ពុជា មានរសជាតិឈ្ងុយឆ្ងាញ់ និងអនាម័យល្អ ជាទីពេញនិយមរបស់ប្រជាពលរដ្ឋវៀតណាម ។

បច្ចុប្បន្ន អាជ្ញាធរវៀតណាមកំពុងចាត់ចែងករណីខាងលើតាមច្បាប់របស់ប្រទេសវៀតណាម និងបន្តបើកការស៊ើបអង្កេតរកឈ្មួយរត់ពន្ធស្រូវពីកម្ពុជាទៅវៀតណាមដទៃទៀត ដើម្បីចាត់វិធានការណ៍ដូចខាងលើនេះ ៕ប្រាថ្នា


ចែករំលែក៖