ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញគេចពន្ធតាមច្រកស្រែអំបិលធ្វើឲ្យលោកគង់ សំរេច​ទទួលបានលាភសក្ការយ៉ាងច្រើន

ចែករំលែក៖

ខេត្តកោះកុង៖ មន្ត្រីគយស្រុកស្រែអំបិល​ នៅតែធំក្លិនពុំសូវស្រួល​ ខណៈមានការបែកធ្លាយរឿង​ ប្រមូលពន្ធក្រៅបញ្ជីរដ្ឋ​ និងធ្វើការងារខុសវិជ្ជាជីវៈ។

ប្រភពបានឲ្យ​ដឹងថា​ មានទំនិញជាច្រើនប្រភេទ​ ដែលដឹកតាមកប៉ាល់​ មកឡើងនៅកំពង់ផែស្រែអំបិល​ រួមនិង​រថយន្តដឹកទំនិញធំៗរាប់សិបគ្រឿងទៀត​ ដែលចេញពីដែនសមត្ថកិច្ចគយស្រែអំបិល​ គឺសុទ្ធតែគ្មានការត្រួតពិនិត្យ​ និងបង់ពន្ធឲ្យ​គ្រប់គ្រាន់ចូលរដ្ឋឡើយ។

ប្រភបានបង្ហើបថា​ ដោយសារការសម្រុកនាំចូលទំនិញពីប្រទេសថៃ​ មានការកើនឡើងច្រើនខ្លាំងពេក​ បានធ្វើឲ្យ​ការប្រមូលពន្ធនៅតំបន់ស្រែអបិលនេះ​ មានការកើនឡើងលើសពីផែនការរំពឹងទុក​ ក៏ប៉ុន្តែទន្ទឹមនឹងការកើនឡើងលើសផែនការនេះ​ មន្ត្រីគយបានឆ្លៀតឱកាសរកស៊ីក្រៅបញ្ជីរដ្ឋ​ ដោយមានការត្រូវរូវគ្នាជាមួយក្រុមឈ្មួញឈ្មោះ​ ឡុង​ ម៉េង​ យាយរ៉ា​ និង តា ឈីម​ ដោយបានប្រើប្រាស់រូបភាពគ្រប់បែបយ៉ាង​ ដើម្បីបន្លំយថា ប្រភេទមុខទំនិញ​ ដែលបង់ពន្ធថ្លៃ​ មកដាក់ទំនិញបង់ពន្ធថោកវិញ​ ព្រមទាំងបានប្តូរបរិមាណពីច្រើនមកតិច​ ​ ដែលធ្វើឲ្យ​ការបង់ពន្ធអស់តិច​ មិនសមាមាត្រ និងចំនួនទំនិញពិត។​ ការប្រើរូបភាពបន្លំបែបនេះ​ បានធ្វើឲ្យ​ក្រុមឈ្មួញ​ និងមន្ត្រីគយចំណេញទាំងសងខាង​ និងសល់លុយក្រោមតុសម្រាប់ចែកគ្នាជារៀងរាល់ថ្ងៃ​ ជាហេតុធ្វើឲ្យ​ប្រាក់ចំណូលរដ្ឋ​ នៅតែមានកំណើនយឺត​ និងបាត់បង់ដោយមិនដឹងខ្លួន។

ទាក់ទងនឹងការលេចធ្លាយរឿងមិនល្អ​នៃការប្រមូលពន្ធក្រៅបញ្ជីនេះ​ លោក​ គង់​ សំរេច​ ប្រធានការិយាល័យគយ និងរដ្ឋាករស្រែអំបិល​ មានប្រសាសន៍ប្រាប់ក្រុមអ្នកសាព័ត៌មាន​ នារសៀលថ្ងៃទី១៦ មករា​ ដោយបដិសេធថា​ លោកពុំដែលបានប្រើរូបភាពប្រមូលពន្ធ ដោយបន្លំ ប្រភេទ​ និងបរិមាណ​ទំនិញ ដូចការលើកឡើងនេះទេ។​ បើសិនជាមានការបន្លំមែនមិនអាចប្រមូលបានលើសផែនការឡើយ៕ ហេង សូរិយា


ចែករំលែក៖