ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនបុរសម្នាក់នៅខណ្ឌដង្កោដកហូតថ្នាំញៀនចំនួន១១កញ្ចប់និងថវិកាជាង១ពាន់ដុលា្លរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១១កញ្ចប់នៅជាប់នឹងខ្លួន។

ការចាប់ឃាត់ខ្លួនបុរសរូបនេះ ខណៈដែលក្រុមកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើដងផ្លូវលេខ២១៧ ទល់មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ នៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ លោក វរសេនីយ៍ទោ សាត ប្រសើរ អធិការរងនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ ព្រំ ស៊ីនួន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនេះត្រូវបានចាប់ឃាត់ខ្លួននៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃដដែល ខណៈដែលជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចំរុះក្រោមបទសង្ស័យជួញដូរគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនចំនួន១១កញ្ចប់ធំល្មមនៅជាប់នឹងខ្លួន។

ប្រភពពីសមត្ថកិច្ចដដែលបន្តថា ជនសង្ស័យមានឈ្មោះ ឆាយ ប៊ុនថា អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ខាងក្រោយម្តុំឌីយ៉ាម៉ង់ផ្លាស្សាទួលគោក ខណ្ឌទួលគោក និងមានស្រុកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យជិះម៉ូតូម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-0663។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញថ្នាំញៀន១១កញ្ចប់នេះ ដើម្បីផ្ញើទៅឲ្យមិត្តភក្តិនៅខេត្តកំពង់ឆ្នាំងនៅព្រឹកស្អែក ។ ដោយមូលហេតុខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់នេះ ព្រោះខ្លួនថានឹងជិះម៉ូតូទៅសម្រាកនៅផ្ទះសង្សាររបស់ខ្លួននៅឯសង្កាត់ពងទឹក ខណ្ឌដង្កោ។

លោក ម៉ុក ពុទ្ធ នាយករដ្ឋបាលខណ្ឌដង្កោបានប្រាប់ថា បុរសរូបនេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀនចំនួន១១កញ្ចប់ រួមនឹងថវិកាជាង១ពាន់ដុល្លាផងដែរ។ លោកថា ជនសង្ស័យបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលដង្កោ ដើម្បីចាត់ការទៅតាមនីតិវិធី៕ តាឡឹម


ចែករំលែក៖