ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍កន្ទោកឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿង៤នាក់រួមនឹងថ្នាំញៀន១កញ្ចប់ធំ ១៦កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក នៃអធិការខណ្ឌនគរបាលពោធិ៍សែនជ័យបង្ក្រាប និងឃាត់ខ្លូន ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច លាក់នៅក្នុងឌុយអំពូលភ្លើង ។

ហេតុការណ៍នេះនៅវេលាម៉ោង០០និង៤០នាទីឈានចូលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងបុរីពិភពថ្មី កំបូល ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ស ផល្លី ភេទប្រុស មុខរបរលាងម៉ូតូ ស្នាក់នៅភូមិត្រពាំងគល់ ស្ថិតសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ(ម្ចាស់ថ្នាំ) ។ ជនសង្ស័យទី២ មានឈ្មោះ ខាន់ សុខរិន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅផ្ទះ ជួលភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យទី៣ មានឈ្មោះ ង៉ែត ពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យទី៤មានឈ្មោះ ហេង ពន្លឺ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ជនសង្ស័យនិងវត្ថុតាង គឺកម្លាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងបុរីពិភពថ្មីកំបូលស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ក៏ឃើញមនុស្សប្រុស២នាក់ជិះម៉ូតូចូលក្នុងផ្ទះម៉ាស្សាកោសជប់ រស្មី ពេលនោះកម្លាំងមានការសង្ស័យ ទើបចូលទៅសុំម្ចាស់ហាងត្រួតពិនិត្យឆែកឆេរនៅបន្ទប់ម៉ាស្សាជាន់ទី១ ពេលនោះឃើញមនុស្សប្រុសម្នាក់ និងស្រីម្នាក់ បន្ទាប់មកកម្លាំងបានឆែកឆេរ ក៏ប្រទះឃើញ ឌុយអំពូកភ្លើងនៅក្នុងបន្ទប់ទឹក ក៏បើកមើលក្នុងឌុយអំពូកភ្លើងនោះ ឃើញក្រាម ពណ៌សថ្លាចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច។ ក្រោយមកសមត្ថកិច្ចយើងបានឃាត់ខ្លួនចំនួន៤នាក់ រួមនិងវត្ថុតាងមកសួរនាំនៅប៉ុស្តិ៍តែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍កសាងសំណុំរឿងបញ្ចូនជនសង្ស័យមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌដើម្បីអនុវត្តបន្តតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖