ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ក្រោយពីជនសង្ស័យសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ៣នាក់ចាប់ខ្លួនបានទី១-ឈ្មោះ អង វណ្ណារី ហៅឃីង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រងែល ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទី២-ឈ្មោះ សឿន សល់ ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងទី៣-ឈ្មោះ ឃីម ឃៀង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់តូច ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀន នៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានទៅដល់ចំណុចកើតហេតុ បានប្រទះជនសង្ស័យម្នាក់ឈ្មោះ អង វណ្ណារី ហៅឃីង រួចសុំឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច នៅនឹងខ្លួនឈានដល់ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អង វណ្ណារី ហៅឃីង បានសារភាពថា ថ្នាំញៀនចំនួន២កញ្ចប់តូចនេះ ខ្លួនបានទិញពីឈ្មោះ សឿន សល់ នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ក្នុងតម្លៃ៦ម៉ឺនរៀល ដើម្បីលក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ៥ម៉ឺនរៀល ។ ក្នុងពេលជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនឈ្មោះ សឿន សល់ នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ភ្លាមនោះជនសង្ស័យឈ្មោះ សឿន សល់ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនចំនួន១កញ្ចប់ តម្លៃ ១០ម៉ឺនរៀល ពីឈ្មោះ ឃីម ឃៀង នៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ។ លុះវេលាម៉ោង១៥និង២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចក៏បានចុះចាប់ជនសង្ស័យឈ្មោះ ឃីម ឃៀង បន្តទៀត រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឃីម ឃៀង បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន(ម៉ាទឹកកក)ពីជនម្នាក់ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ឃុំក្រាំងយ៉ូវ ហើយបានលក់បន្ដ ឲ្យទៅឈ្មោះ សឿន សល់ ពិតប្រាកដមែន ៕ ស្អាងជ័យ


ចែករំលែក៖