ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​រឿង​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ​បាញ់​បោះ​សេរី​​

ចែករំលែក៖

ខេត្តកណ្តាល​៖ រឿង​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត​ ជុំវិញ​ការ​បាញ់​បោះ​សេរី​ជា​ច្រើន​គ្រាប់​ ។

លោក​វរសេនីយ៍​ឯក​ សេង​ សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ ថ្លែង​ថា​ ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​ ដើម្បី​ស្វែងរក​ការ​ពិត​នៃ​ការ​បាញ់​សេរី​នេះ​ ។ លោក​ថា​ សមត្ថកិច្ច​បាន​ហៅ​សាក្សី​មួយចំនួន​ចូល​បំភ្លឺ​ ហើយ​នឹង​អាច​ឈាន​ការ​កោះហៅ​ ឧកញ៉ា​ ពៅ​ ចូល​បំភ្លឺ​ជា​ក្រោយ​។

ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិត​នៅភូមិលេខ៣​ ឃុំស្វាយរលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល​ កាលពីល្ងាច​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា​ ជនបង្កជា​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាម​ខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។

បន្ទាប់ពីបាញ់​ ឧកញ៉ា​ពៅ​ បានបញ្ជាឱ្យ​កូនចៅរបស់ខ្លួនបើកអា«អិច»កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។

ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃ​សុក្រ​ទី១៩​ ខែ​មករា​ ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។

មន្ត្រីបង្ហើបថា​ ឧកញ៉ា​ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់រារាំងបាញ់គំរាម​មន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ៕ ចេស្តា


ចែករំលែក៖