ភ្នំពេញ ៖ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអះអាងថា នាពេលបច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាងមួយលាននាក់នៅប្រទេសថៃ ហើយក្នុងនោះមានជាង៤០ភាគរយ ពុំទាន់មានលិខិតស្នាមនៅប្រទេសខ្លួនឯងត្រឹមត្រូវនៅឡើយ ខណៈពលករខ្មែរទៅធ្វើការនៅបរទេសមានលិខិតធ្វើដំណើរត្រឹមតែ៣៩៧.៨៣៨ក្បាលប៉ុណ្ណោះ ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារអត្តសញ្ញាណកម្មឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា បានលើកឡើងថា រាជរដ្ឋាភិបាលបានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលករខ្មែរនៅក្រៅប្រទេស ជាពិសេសបានខិតខំធ្វើលិខិតស្នាមដោយស្របច្បាប់ដល់ពួកគេនោះ ។
លោករដ្ឋលេខាធិការ បញ្ជាក់ថា « នាពេលបច្ចុប្បន្ននេះពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ហើយពុំទាន់មានលិខិតស្មាមត្រឹមត្រូវជាង៤០ភាគរយ ក្នុងចំណោមពលករប្រមាណជាងមួយលាននាក់នោះ ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅពីក្រោយខ្នងពួកគេជានិច្ច រាជរដ្ឋាភិបាលការពារសិទ្ធិរបស់ពួកគេជានិច្ច ហើយរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាឲ្យពួកគេធ្វើការដោយស្របច្បាប់ និងមានលិខិតស្មាមត្រឹមត្រូវផងដែរ » ។
បើយោងតាម លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានផ្តល់លិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរប្រមាណ១.០៨២.៩១៦នាក់ និងលិខិតធ្វើដំណើរជូនពលករកម្ពុជាទៅធ្វើការនៅបរទេសចំនួន៣៩៧.៨៣៨ននាក់ ។ យ៉ាងណាក៏ដោយដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀតនោះ ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំបើកបន្ថែមកន្លែងផ្តល់លិខិតឆ្លងដែនចំនួនបួនកន្លែងទៀតនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងផ្សារអ៊ីអនទី២ ។
លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានបន្តទៀតថា ការងារផ្តល់លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស ដែលមាន សម្តេចក្រឡាហោម ស ខេង ដឹកនាំផ្ទាល់នោះបានកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីកាត់បន្ថយបែបបទនីតិវិធីសំាញុំា និងបានរៀបចំបើកច្រកចេញចូលតែមួយចំនួន៣កន្លែង គឺនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ។ រីឯការងារផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងធ្វើការនៅប្រទេសថៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជូនក្រុមការងារចំនួន១៧៩នាក់ ទៅប្រចាំការនៅប្រទេសថៃ ដើម្បីផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបររទេស ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងផងដែរថា ចាប់ពីឆ្នាំ២០១៤ដល់២០១៧ ការងារអត្រានុកូលដ្ឋាន បានសម្រេចចុះបញ្ជីអត្រានុកូលដ្នានជូនប្រជាពលរដ្ឋបាន ដូចជាចុះបញ្ជីកំណើតបានចំនួន ៦១១.៣៧៩នាក់ បូកយោង ១.៨៩៤.៩២៤នាក់ ។ ចុះបញ្ជីបញ្ជាក់កំណើតបានចំនួន១.២៣៦.៥៨២នាក់ បូកយោង១៣.៤៨៦.៧៤៥នាក់។ ចុះបញ្ជីអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរជាមួយជនបរទេសបានចំនួន ៥.២៦៩គូ ៕តាឡឹម