ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដឹកនាំដោយលោក អនុសេនីយ៍ឯក ហុិន សុខេង អធិការរង ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះបង្រ្កាបករណីបទល្មើសការប្រើប្រាសដោយខុសច្បាប់នូវសារធាតុញឿន ដោយឃាត់ខ្លួនជនស្រីប្រុសចំនួន ៧នាក់រួមវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ៣០៦ និង៣០៧ នៃសណ្ឋាគារយីហោ(វិមានទិព្វ) ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើកាបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនជនស្រីប្រុសចំនួន ៧នាក់រួមវត្ថុតាង និងសម្ភារ ទី១ ឈ្មោះ សឿន ចាន់នឿន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ទី២ ឈ្មោះ ឌីម វណ្ណៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ទី៣ ឈ្មោះ វិរៈ វិបុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគ្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ទី៤ ឈ្មោះ សក់ សម្បាតិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី៥ ឈ្មោះ គិន គឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោកសឺរ៉ង ឃុំកោះជុំ ស្រុកកណ្ដៀង ទី៦ ឈ្មោះ ជា ស្រីលី ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី៧ ឈ្មោះ ហាក់ ជីជី ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានដកហូតនូវវត្ថាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់ ដែកកេះ,ដប,ទុយោសង្ស័យជាឧបករណ៍ប្រើប្រាសសារធាត្រញឿន ១កំប្លេ និងម៉ូតូចំនួន ០៣គ្រឿងផងដែរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះករណីនេះទាំងជនសង្ស័យស្រីប្រុស ទាំងវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធីទៅនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់កាបន្ត៕ ប៉ឹម ពិន