ភ្នំពេញ ៖ ក្រុមចោរ៥នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិតនិងដាវមកស្ទាក់កាប់យុវជន៣នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក MSXឌុកគ្នាចេញពីកន្លែងធ្វើការងារ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ហើយក្រុមចោរលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាព ។
ករណីប្លន់យកម៉ូតូបានសម្រេចខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្ការ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្បែរស្តុបផ្សារដើមគ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ មិត្ត ហុសឡា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគញរឿងម៉ាកហុងដា MSX ពណ៌ក្រហម មិនចាំស្លាកលេខ (ត្រូវក្រុមចោរប្លន់យកទៅបាត់ដោយសុវត្ថិភាព)។
តាមប្រភពព័ត៍មានពីជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកMSX ចេញពីធ្វើការវិញនៅម្តុំកោះពេជ្រ គោលបំណងទៅជួលផ្ទះសំណាក់ដេក នៅម្តុំផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ៥នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកស៊ុយសុគីស្មាស និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះតាមពីក្រោយពួកគេ រួចក្រុមជនសង្ស័យបានធ្វើសកម្មភាពទាញដាវនិងកាំបិតកាប់ទាំងកំរោលទៅលើពួកគេទាំងបីនាក់បណ្ដាលឲ្យរងរបួសរយះក្បាលម្នាក់ របួសរយះស្មាសខាងស្តាំម្នាក់ និងម្នាក់ទៀតម្នាក់រងរបួសស្រាល ។ ដោយមានការភ័យខ្លាចពួកគេក៏បានផ្តួលម៉ូតូនាំគ្នារត់ចោលម៉ូតូ ភ្លាមនោះជនសង្ស័យបាននាំគ្នាលើកយកម៉ូតូរបស់ជនរងគ្រោះរួចជិះរត់គេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលរបួសនៅគ្លីនិកឯកជន នឹងទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងសាឡាង ដើម្បីស្វែងរកជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕ ស តារា