ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តឡិចសុីស៤៧០ ទៅបុករះរថយន្តឡិចសុីស៥៧០ និងម៉ូតូ រួមទាំងរុឺម៉កលក់ភេសជ្ជៈពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខហាង មី គាវ សាច់អាំង តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ ។
យោងតាមសម្ដីពីបុគ្គលិក ហាង មី គាវ សាច់អាំង ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវជិះរថយន្តឡិចសុីស LX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 07 ,2-6888 មកចតរថយន្តទុកនៅលើចញ្ចើមផ្លូវមុខហាងខាងលើ ដើម្បីចូលមកផឹកសុី រួមទាំងមានម៉ូតូមួយគ្រឿងទៀតម៉ាក FUTURE X ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម 1F-0104 បានចតនៅក្បែរថយន្តរងគ្រោះខាងលើផងដែរ ។ លុះដល់ពេលកើតហេតុ ស្រាប់តែមានរថយន្តឡិចសុីសLX 470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6139 ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយទំនងជាម្ចាស់ងោកមួយភាំង ទើបរេចង្កូតមកបុករថយន្តឡិចសុីសLX570 ចំពីក្រោយយ៉ាងពេញទំហឹង ហើយរថយន្តរងគ្រោះបានរុញទៅបុកម៉ូតូមួយគ្រឿង រួមទាំងរុឺម៉កលក់ភេសជ្ជៈ ចំពីក្រោយទៀត បណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យបុរសម្នាក់ជាម្ចាស់រុឺម៉ករងរបួសស្រាល ។
ក្រោយពេលកើតហេតុ មានភាគីខាងរថយន្តបង្កម៉ាកLX 470 បានចេញមុខមកជួយសម្រួលដោះស្រាយ ដោយព្រមចេញថ្លៃរបួសឲ្យទៅម្ចាស់រុឺម៉កលក់ភេសជ្ជៈចំនួន២០$ ហើយព្រមសងថ្លៃខូចខាតទៅលើម្ចាស់ម៉ូតូរងគ្រោះមួយគ្រឿងទៀតផងដែរ តែនៅសល់រថយន្តរងគ្រោះម៉ាក ឡិចសុីសLX570 មួយគ្រឿតដោះស្រាយមិនត្រូវរូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានសម្រេចវាស់វែង យករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ ស រស្មី