ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទាទោសលោក លឺ ឡាយស្រេង សងជំងឺចិត្ត៥០០លានរៀលដល់សម្តេច​និងចំនួន៨លានរៀលចូលថវិការដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានបើកសវនាការពាក់ព័ន្ធសំណុំរឿងរបស់លោក លឺ ឡាយស្រេង អតីត មន្ត្រី​ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​ ។ តុលាការបានសម្រេចផ្តន្ទទោសលោក លឺ ឡាយស្រេង ឱ្យ​សងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ ។

លោក គី តិច មេធាវី តំណាង ដោយ អាណត្តិ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ឱ្យ​ដឹងថា​ តុលាការបានសម្រេចផ្តន្ទាទោស​ ឱ្យ​លោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងគឺ សម្តេចតេជោ ហ៊ុន សែន ចំនួន៥០០លានរៀល និងថវិកាចំនួន៨លានរៀលចូលជាថវិការដ្ឋ។

សេចក្តីសម្រេចរបស់តុលាការនេះត្រូវបានប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ តែចាត់ទុកចំពោះមុខ ព្រមទាំងសម្រេចឱ្យ​ការផ្សព្វផ្សាយជាសាធារណៈ និងទុកសិទ្ធិឱ្យប្តឹងទៅឧទ្ធរណ៍តាមកំណត់ច្បាប់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ មេធារី តំណាង ដោយ អាណត្តិ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងផ្លូវការ ប្តឹងលោក លឺ ឡាយស្រេង ទៅអយ្យការ អម សាលាដំបូងរាជធានីភ្នំពេញហើយ ដោយស្នើ ឱ្យ​ផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៥០០លានរៀល ដល់ដើមបណ្តឹង។

ការដាក់ពាក្យបណ្តឹងរបស់លោកមេធាវី គី តិច ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច បានសន្ទនាឆ្លើយឆ្លងគ្នា ដែលក្រៅពីប្រមាថព្រះចេស្តា យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ និងសម្តេចក្រុមព្រះហើយនោះ ថែមទាំងនិយាយធ្វើ ឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិស័ព្ទ យ៉ាងធ្ងន់ធ្ងរ ដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលត្រូវបានយក ទៅផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។

ពាក្យបណ្តឹងរបស់លោក គី តិច ប្តឹងលោក លឺ ឡាយស្រេង បានសុំ ឱ្យ ព្រះរាជអាជ្ញា នៃ អយ្យការ សាលាដំបូងរាជធានីភ្នំពេញ៖

១៖ សុំ ឱ្យ អយ្យការនិងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើឈ្មោះ លឺ ឡាយស្រេង តាមច្បាប់។

២៖ ទាមទារ ឱ្យ ឈ្មោះ លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។

៣៖ សុំឱ្យ តុលាការប្រកាសផ្តន្ទាទោសបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។

ករណីនេះកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ រដ្ឋ មន្ត្រី ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា នេះបានស្នើ ឱ្យ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក លឺ ឡាយស្រេង ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ៕ ចេស្តា


ចែករំលែក៖