ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងឥន្ទនៈចំនួន១០រកឃើញថាបានបន្លំគុណភាព និង ចំណុះបរិមាណលីត្រលក់ឲ្យអតិថិជននៅក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្ថានីយប្រេងឥន្ទនៈចំនួន១០ ក្នុងចំណោម១១ស្ថានីយ នៅ្នក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកាំកុងត្រូល រកឃើញថាបានលួចបន្លំ គុណភាព និង បរិមាណចំណុះលីត្រ លក់ទៅឲ្យអតិថិជន ។ ភាពមិនប្រក្រតីនេះ ត្រូវបានរកឃើញ នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្នុងពេល ដែលអគ្គនាយកដ្ឋានកាំកុងត្រូលបានយករថយន្តមន្ទីរពិសោធន៍ចល័ត មកពិនិត្យ បរិមាណចំណុះលីត្រ និង កំរិតគុណភាពប្រេង ។

ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំងលោកយីវ ណារិន បានឲ្យដឹងថា ដើម្បីធានាបានដើម្បីធានាភាពត្រឹមត្រូវទាំងបរិមាណចំណុះលីត្រ និង គុណភាព កម្លាំងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង និងមន្ទីរពាណិជ្ជកម្មខេត្ត នាំយករថយន្ត ចល័តមន្ទីរពិសោធន៍ប្រេងឥន្ទនៈ ដោយធ្វើតេស្តទៅប្រេងសាំង និង ប្រេង ម៉ាស៊ូត នៅតាមស្ថានីយប្រេងឥន្ទនៈនៅក្នុងខេត្តកំពង់ឆ្នាំង បានចំនួន១១ស្ថានីយ មានស្ថានីយ តេឡា ដេប៉ូតេឡា សាវីមិច និង តូតាល់ ក្នុងចំណោមស្ថានីយប្រេងឥន្ទនៈទាំងនេះ មាន១០ដែលរកឃើញថា ម្ចាស់ស្ថានីយបានបន្លំគុណភាព (ដូចជាសាំងធម្មតាប្រាប់អតិថិជនថា សាំងស៊ុពែរ ) និង បរិមាណចំណុះលីត្រ មិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី៣លីត្ររហូតដល់១០លីត្រ ។ ចំពោះស្ថានីយដែលត្រឹមត្រូវទាំងគុណភាព និង បរិមាណមានតែមួយស្ថានីយប៉ុណ្ណោះ គឺស្ថានីយតូតាល់ ។

លោកប្រធានសាខាបានឲ្យដឹងថា ការចុះពិនិត្យប្រេងឥន្ទនៈលើកទី១នេះ គឺសមត្ថកិច្ចកាំកុងត្រូល ឲ្យគ្រប់ម្ចាស់ស្ថានីយដែលមានភាពមិនប្រក្រតី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កេងបន្លំអតិថិជន ចំពោះករណីដែលម្ចាស់ស្ថានីយនៅតែមិនអនុវត្តតាមការណែនាំ ត្រូវតែអនុវត្តវិធានការផ្លូវច្បាប់ ដូចជាធ្វើការផាកពិន័យ និង ប្រឈមមុខចំពោះតុលាការ ៕ ចន្ថា


ចែករំលែក៖