ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ នៃអធិការនគរបាលខណ្ឌជ្រោយចង្វា បានចេញល្បាតពួនស្ទាក់ ការពារក្នុងមូលដ្ធាន ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមាន ក៏បានប្រទះជនសង្ស័យចំនួន២នាក់ កំពុងជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យហៅឃាត់សួរនាំ ឆែកឆេររកឃើញក្រាម ពណ៌សថ្លាចំនួន១កញ្ចប់ធំ និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដារ ឌ្រីមសេ១២៥ ស៊េរី០១៧ ជាមធ្យោបាយរបស់ជនសង្ស័យ ។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោងជិត៥រសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៦ ចំណុចស្ពានទី៩ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងនគរបាលខណ្ឌជ្រោយចង្វា បានល្បាតក្នុងភូមិសាស្ត្រ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពាសុវត្ថិភាព ជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1I.7755 ដោយមានការសង្ស័យបានហៅឲ្យឈប់ត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន១កញ្ចប់ធំ ដែលជនសង្ស័យលាក់ទុកបម្រុងយកទៅចែកចាយបន្តក៏ឃាត់ខ្លួនតែម្ដង។
បន្ទាប់ពីឃាត់ខ្លួជនសង្ស័យរួមទាំងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋានខណ្ឌជ្រោយចង្វាឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមតីនិវិធី។
សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានបញ្ជាក់ឲ្យដឹងទៀតថា ភាគច្រើនជនសង្ស័យទាំងនេះតែតែងធ្វើសកម្មភាពដឹកជញ្ចូនសារធាតុញៀន ឆ្លងកាត់ផ្លូវជាតិ៦ ដោយប្រើគ្រប់រូបភាព ដើម្បីបន្លំភ្នែកកងកម្លាំង តែទោះជាយ៉ាងណា កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារមិនដែលប្រងើយកន្តើយជាមួយនឹងក្រុមជនសង្ស័យទាំងនោះឡើយ ពោលគឺបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរួម និងថ្នាំញៀន ជាបន្តបន្ទាប់ ទោះតិចក្តី ច្រើនក្តី នេះជាកាតព្វកិច្ចរបស់កងកម្លាំង៕ ជ្រោយពេជ្រ