ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ ២នាក់ កំពុងជិះម៉ូតូឌុបគ្នា បានសម្រេចរួចរត់គេចខ្លួនបាត់ ១ថ្លៃ លុះស្អែកឡើងសមត្ថកិច្ច ស្រាវជ្រាវប្រមាញ់បាន ស្ថិតនៅចំណុចផ្លូវកែង ក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះកំពុងជិះម៉ូតូ ១គ្រឿង មានគ្នា ២នាក់ ដោយជនរងគ្រោះអង្គុយពីខាងក្រោយ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចង្អុលដឹកនាំបញ្ជាឲ្យកម្លាំងជំនាញបើកការសើុបអង្កេត ចាប់ខ្លួនជនសង្ស័យឲ្យបាន ។
លុះនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ០០នាទីរសៀល កម្លាំងការិយាល័យជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បាន បង្ក្រាបចាប់ខ្លួនជនសង្ស័យបានឈ្មោះ លី ប្រាថ្នា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទំនប់រលក ឃំុទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះឈ្មោះ សុន ធា ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពុងត្រាច ខេត្តកំពត ។ រីឯសម្ភារបាត់បង់ រួមមាន កាបូប ១ ពណ៌ខៀវ, ខ្សែកមាស ៣ខ្សែ ស្មើ ៣ដំឡឹង, លុយ ៦,៥០០,០០០ រៀល ។ ដោយឡែក វត្ថុតាងចាប់យកបានមាន លុយ ២,០០០,០០០ រៀល (ពីរលានរៀល), ខ្សែកលោហៈធាតុពណ៌លឿង ២ខ្សែ, ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ឡើងតែម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ ១B-៨៦៥៤ “ ដោះទុកក្រោមកែបម៉ូតូ ” (មធ្យោបាយធ្វើសកម្មភាព) ។
បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ