ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មដេញតាមវាយ យុវជនប្រុសស្រី៣នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវបង្កភាពអនាធិបតេយ្យ ក៏ប្រទះសមត្ថកិច្ចល្បាតឃើញដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងដកហូតបានវត្ថុតាងជាក់ស្តែងផងដែរ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥១៦ ត្រូវថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខតុលាការកំពូល បណ្ដោយមហាវិថីសម្ដេចសុធារស កែងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនប្រុសស្រី៣នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលនោះមានក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូដេញវាយយុវជនប្រុសស្រីទាំង៣នាក់នោះ រួចយុវជនប្រុសស្រីទាំង៣នាក់នោះ ព្យាយាមជិះគេច ក៏ប្រទះនឹងសមត្ថកិច្ចខណ្ឌដូនពេញ កំពុងតែធ្វើការល្បាត បានចុះអន្តរាគមន៍ដេញឃាត់ខ្លួនយុវជនទាំង២នាក់ ដែលជិះម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9798 ចំណែកបក្ខពួកជនសង្ស័យ៤នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលចតុមុខ ។ ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ ៕ស តារា