ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងធុនធំម៉ាក Pulsar ស្រាប់តែជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងជិះល្បាតតាមមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ប្រទះឃើញនិងដោយមានការសង្ស័យឃាត់ខ្លួននិងឆែកឆេររកឃើញគ្រឿងញៀន៣កញ្ចប់ ដែលខ្លួនបានទិញពីប្លុករោងចក្រឆ្នាំង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ខាងមុខព្រះបរមរាជវាំង ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស៊ិង ហៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួនគឺកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងជិះល្បាតតាមមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះល្បាតមកដល់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ក៏ប្រទះឃើញនិងដោយមានការសង្ស័យឃាត់ខ្លួននិងឆែកឆេររកឃើញគ្រឿងញៀន៣កញ្ចប់ ដែលខ្លួនបានទិញពីប្លុករោងចក្រឆ្នាំង ក្នុងតម្លៃ២ម៊ឺនរៀលក្នុងមួយកញ្ចប់ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក) ៣កញ្ចប់តូច និងម៉ូតូធំ ម៉ាក Pulsar ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BV-9697 ១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំចាត់ការតាមនិតីវិធី ៕ស តារា