ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសូងអភិវឌ្ឍន៍ជនបទ លោកសួស គង់ រដ្ឋលេខាធិការបានទទួលជួបសំដែងការគួរសមពីក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Hiroaki Yamaguchi ប្រធានផ្នែកដឹកជញ្ជូន និងគមនាគមន៍ នៃនាយកដ្ឋានអាស៊ីអគ្នេយ៍ ដើម្បីពិភាក្សាពីវឌ្ឍនភាព និងការប្រឈមនៃគម្រោងដែលកំពុងដំណើរការ ព្រមទាំងគម្រោងទៅអនាគត ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។
សូមបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ADB គម្រោងកែលម្អផ្លូវជនបទ (Rural Road Improvement Project – RRIP) ជាគម្រោងផ្លូវក្រាលកៅស៊ូដំបូង ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយគម្រោងនេះ បានអនុវត្តបញ្ចប់ដោយជោគជ័យក្នុងការកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ៥៤៣ គីឡូម៉ែត្រ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST នៅក្នុងខេត្តគោលដៅចំនួន ៨ គឺ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ស្ពឺ សម្រាប់រយៈពេលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ដោយប្រើប្រាស់ថវិកា ៦៨,៦៥ លានដុល្លារអាមេរិក ដែលជាឥណទាន និងជំនួយឥតសំណង មានប្រភពមកពី ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សាធារណរដ្ឋកូរ៉េ (KEXIM BANK) មូលនិធិន័រឌិក (NDF) និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជា។
រីឯគម្រោងកំពុងដំណើរការ គឺ គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ (Rural Road Improvement Project II – RRIP II) ដែលអនុវត្តបន្តពីគម្រោង RRIP ដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយគម្រោងនេះ កំពុងដំណើរការសកម្មភាពកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ១.២០០ គីឡូម៉ែត្រ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ សម្រាប់រយៈពេលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១៩២ លានដុល្លារអាមេរិក ដែលជាឥណទាន និងជំនួយឥត សំណង មានប្រភពមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សាធារណរដ្ឋកូរ៉េ (KEXIM BANK), សាធារណរដ្ឋបារាំង (AFD), ប្រទេសអូស្ត្រាលី (GOA), មូលនិធិន័រឌិក (NDF), SCF និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចំពោះគម្រោងទៅអនាគត គឺ គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (Rural Road Improve- ment Project III – RRIP III) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារប្រតិបត្តិគម្រោង (Execu- tive Agency – EA) ហើយ RRIP III នេះ ជាគម្រោងកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង ប្រវែងប្រមាណ ៨៤០ គីឡូម៉ែត្រ ក្នុងខេត្តចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងក្រចេះ។
គម្រោង RRIP III គ្រោងនឹងចាប់អនុវត្តចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥ ដោយគ្រោងនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ១៣២ លានដុល្លារអាមេរិក ដែលបានមកពី ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារអាហរ័ណ និហរ័ណនៃសាធារណរដ្ឋកូរ៉េ (KEXIM BANK) ព្រមទាំងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា៕ ហេង សូរិយា