ព័ត៌មានទាន់ហេតុការណ៍៖

ពស់ចឹករវល់តែឲ្យគ្រូខ្មែរផ្លុំ ស្តោះ ពេលមកដល់ពេទ្យហួសពេលបាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជើងស្រ្តីម្នាក់ប្រឈមនឹងការកាត់ចេញមួយកំណាត់បន្ទាប់ពីពិសពស់ជ្រួតជ្រាប ក្រោយពេលដែលពស់ចឹករួចហើយមិនបានមកពេទ្យភ្លាមៗ ដោយយកទៅឲ្យគ្រូខ្មែរ ផ្លុំ និងស្តោះ ។ ស្រ្តីរូបនេះ ទើបបញ្ជូនមកពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវពស់ចឹកនេះ មានឈ្មោះ ជ័យ សម្បត្តិ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅជាមួយម្តាយមីង ដែលជាស្ត្រីមេម៉ាយចាស់ជរាឈ្មោះ ជ័យ យ៉ាត អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅថ្ងៃមួយ មិនចាំថ្ងៃនោះទេ ស្រ្តីជនរងគ្រោះឈ្មោះជ័យ សម្បត្តិ បានដើរចេញពីផ្ទះនៅពេលយប់ ដើរសំដៅទៅសាលាបុណ្យភូមិ ក៏ត្រូវសត្វពស់ចឹកនៅតាមផ្លូវ ភ្លាមៗនោះមិនបានមកពេទ្យនោះទេ រហូតដល់ជើងហើមកាន់តែធំ ក៏នាំទៅរកគ្រូខ្មែរ ដើម្បីព្យាបាល ប៉ុន្តែមិនបានធូស្បើយនោះទេ ជើងកាន់តែហើមធំៗទៅប្រេះ ដោយសារតែ ដោយសារតែជើងសភាពជើងកាន់តែហើម ក៏នាំមកពេទ្យខេត្ត ប៉ុន្តែពេលមកដល់គ្រូពេទ្យ បញ្ជាក់ថា ពឹសជ្រាបខ្លាំង ហើមខ្លាំង មិនអាចមើលកើត បានឲ្យទៅព្យាបាល នៅភ្នំពេញ ។ ពេលទៅពេទ្យភ្នំពេញព្យាបាលបានបន្តិច ក៏យកត្រឡប់មកមើលនៅផ្ទះវិញ ធ្វើឲ្យជើងម្ខាងនេះកាន់តែហើមរលួយខ្លាំងឡើងៗ ទើបថ្ងៃទី២៩ ខែមករា បានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ នៅពេលនេះគ្រូពេទ្យកំពុងតែរូតរះព្យាបាល ដើម្បីសង្រ្គោះស្រ្តីរងគ្រោះនេះហើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែខាង ស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា គាត់គឺជាគ្រួសារក្រីក្រ លំបាកវេទនាណាស់ រកព្រឹកខ្វះល្ងាច ហើយថែមទាំងមានគ្រោះថ្នាក់បែបនេះទៀត មិនដឹងជាយ៉ាងណានោះទេ មានតែសង្ឃឹមពីថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ពិសេសនោះ គឺកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជួយងសង្រ្គោះជីវិត អ្នកមានទុក្ខលំបាកកន្លងមកនោះ ៕ ចន្ថា

 


ចែករំលែក៖