ព័ត៌មានទាន់ហេតុការណ៍៖

កម្មករអត់ប្រាក់កម្រៃ៣ខែផ្ទុះការតវ៉ានៅសណ្ឋាគារនិងរមណីយដ្ឋានអេម៉ារីអូ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា កម្មករចំនួនប្រមាណជាង៤០០នាក់នៅសណ្ឋាគារ និងរមណីយដ្ឋានអេម៉ារីអូ ខាងមុខព្រះរាជដំណាក់ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុបាននាំគ្នាតវ៉ារឿងបើកប្រាក់ខែ ដោយកម្មករអ្នកតវ៉ាបានយកគ្រឿងចក្រមកបិទផ្លូវច្រកចូលសណ្ឋាគារតែម្តង។

ករណីនេះបានកើតឡើងនៅក្លោងទ្វារ សណ្ឋាគារ ស្តិតក្នុងភូម២សង្កាត់លេខ៣ក្រុងព្រះសីហនុនៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែកមរា ឆ្នាំ២០១៨ ។

តំណាងកម្មករម្នាក់បានលើកឡើងថា ពួកគេបានតស៊ូមតិជាមួយមេការ ជាច្រើនលើកច្រើនសារមកហើយ រឿងប្រាក់ខែនេះប៉ុន្តែពុំទទួលបានលទ្ធផលអ្វីក្រៅពីនិយាយ កុហក់រហូតមក ទើបនៅថ្ងៃនេះពួកគេយកគ្រឿងចក្រមកបិទផ្លូវនៅក្លោងទ្វារនេះតែម្តង។

តំណាងកម្មករដដែលបានបន្តរថា ប្រាក់ខែដែលថៅកែជំពាក់នោះមានចំនួន៣ខែ ដែលមិនទាន់បើកបាន។

មេការ សណ្ឋាគារមួយនេះបានប្រាប់មន្ត្រីជំនាញថា រឿងយឺតយ៉ាវប្រាក់ខែកម្មករនេះ បណ្តាលមកពី ថៅកែគាត់ឈ្លោះគ្នា ប្តី និងប្រពន្ធ មានការប្តឹងផ្តល់រហូតដល់មានការបង្កកប្រាក់ក្នុងធនាគារ មិនអាចបើកបាន។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរ ការងារ និងវិជ្ជាជីវៈ ខេត្តព្រះសីហនុបានប្រាប់ថា កំពុងដោះសា្រយ និងសម្របសម្រួលជាមួយកម្មករ នៅឡើយព្រឹកនេះ។

លោកយ៉ូវ ខេមរា បានបន្តរថា ទោះជាយ៉ាងនេះក្តី លោកសង្ឃឹមថាបងប្អូនកម្មករ ពិតជា សម្របសម្រួល ដោយដកគ្រឿងចក្រចេញពីក្លោងទ្វារ សណ្ឋាគា ទុកឱកាសឲ្យភ្ញៀវធ្វើចរាចរបាន ដូចដើម ហើយយើងទាំងអស់គ្នា នឹងងាកមករកច្បាប់ វិញ ជាក់ជាមិនខាន។

ករណីនេះសមត្ថកិច្ច និងផ្នែកពាក់ពន្ធ័កំពុងសម្រួលដោះស្រាយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖