ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់តាមផ្លូវ បន្ទាប់ពីឌុបកូនប្រុសទៅធ្វើការហើយ វិលត្រឡប់មកវិញ ស្រាប់តែកើតមានអការងងឹត វិលមុខខ្យល់គរស្លាប់តាមផ្លូវ កាលពី ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែកមរា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក ស្ថិតនៅតាមផ្លូវ១០១១ កែងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា សពបុរសរងគ្រោះមានឈ្មោះ តុល វុិត អាយុ៤៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ប្រភពពីកូនប្រុសឈ្មោះ ស ដាវិត អាយុ២៤ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុ រូបគេត្រូវចេញមកធ្វើការនៅម្តុំសង្កាត់ភ្នំពេញថ្មី ដោយឪពុករបស់គេជាអ្នកជួនមករាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតឪពុករបស់គេបាន ត្អូញថា ពុំសូវស្រួលខ្លួន ពេលនោះរូបគេបានប្រាប់ឪពុកថា មិនបាច់ជួនកូនទៅទេ បើពុកមិនស្រួលខ្លួន។ ប៉ុន្តែដោយសារតែទឹកចិត្តរបស់ឪពុកមិនចង់ឲ្យកូនជិះម៉ូតូឌុបខ្លាចអស់លុយ ក៏ប្រឹងជួនកូនមកទាំងខ្លួនឈឺដោយមិនដឹងថាខ្លួនត្រូវស្លាប់បែបនេះសោះ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 លុះពេលជួនកូនប្រុសដល់កន្លែងធ្វើការរួចហើយក៏ធ្វើដំណើរមកវិញ ក្នុងបំណងទៅផ្ទះតាមបណ្តោយផ្លូវ១០១១ ពីជើងទៅត្បូង លុះទៅដល់ចំណុច កើតហេតុមានអការមិនស្រួលខ្លួនវិលមុខ គាត់ក៏ឈប់ម៉ូតូហើយអង្គុយលើចិញ្ចើមផ្លូវងងឹតមុខស្លាប់តែម្តង ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូតាមផ្លូវ១០១១ ពីជើងទៅត្បូង យឺតៗ ដល់ផ្លូវ១៩៨៦ ស្រាប់តែងងឹតវិលមុខដួលម្នាក់ឯង នៅចិញ្ចើមផ្លូវ ទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យម់លតែម្តង ។
ជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួចឃើញថាស្លាប់ដោយសារជំងឺខ្យល់គរ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា