ថៃបានចេញច្បាប់យ៉ាងតឹងតែង មិន អនុញ្ញាតឲ្យពលរដ្ឋមានសកម្មភាពរិះគន់ ដល់ ព្រះមហាក្សត្រនោះឡើយ អ្នកដែលរិះគន់នឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ។ នៅពេលនេះ រដ្ឋាភិបាលថៃកំពុងតែស្វែង រកចាប់ខ្លួនអ្នកដែលបានបង្ហោះចែកចាយព័ត៌មានរិះគន់ព្រះមហាក្សត្រ។
ថៃជាប្រទេសរាជានិយម ដែលមាន ច្បាប់ការពារព្រះមហាក្សត្រ ដ៏តឹងតែង បំផុត។ ទំនោររាជានិយមជ្រុលហួសហេតុ នេះ កាន់តែមានសភាពខ្លាំងឡើង ចាប់ តាំងពីក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារ ឡើងកាន់អំណាច ក្នុងឆ្នាំ២០១៤។ បុគ្គ លិកលក្ខណៈ និងរឿងរ៉ាវផ្ទាល់ខ្លួន របស់ មហាក្សត្រថ្មីថៃ គឺជារឿងមួយដែលគេ បិទខ្ទប់ ហើយដែលប្រជាជនសាមញ្ញ គ្មានសិទ្ធិដឹងឮ ឬអាចបញ្ចេញយោបល់ បានឡើយ។ ផ្ទុយទៅវិញ មានកាសែត បរទេសព្រោងព្រាត បានចុះផ្សាយយ៉ាង សុសសាយ អំពីអត្តចរិតយូកូង បែប មនុស្សពាល អាងឋានៈ និងមាសប្រាក់ របស់ព្រះចៅ មហា វិជ្ជរ៉ាឡុងកន ដែល អត្តចរិតបែបនេះ មិនស័ក្តិសម ឲ្យប្រជា រាស្ត្រថៃមួយនគរ ឱនក្បាលក្រាប់ដល់ដី ថ្វាយបង្គំនោះឡើយ។
នៅពេលនេះស្ត្រីសកម្មជនប្រជាធិប តេយ្យថៃម្នាក់ បានរត់គេចខ្លួនចេញពីប្រទេសថៃបន្ទាប់ពីនាងទទួលដំណឹងថា អាជ្ញាធរ ថៃ កំពុងតែដេញតាមប្រមាញ់អ្នកណា ដែលបានចែករំលែកអត្ថបទ សរសេររៀបរាប់ពីបុគ្គលិកលក្ខណៈរបស់មហាក្សត្រថៃថ្មី។ អត្ថបទដែល ត្រូវបានគេចុះផ្សាយ នៅលើគេហទំព័រ BBC ជាភាសាថៃ នឹងនៅតាមគេទំព័របណ្តាញព័ត៌មានអន្តរជាតិមួយចំនួននេះ កំពុងត្រូវបានរដ្ឋាភិបាលថៃហាមឃាត់ និងប្រើគ្រប់មធ្យោបាយ រារាំង មិនឲ្យប្រជាជនថៃ បានឃើញ និងអាន ខ្លឹមសារ នៃអត្ថបទនេះទេ។
នាង ឆានុកកន រួមសាប អាយុ២៤ឆ្នាំ គឺជាសកម្មជនប្រជាធិបតេយ្យថៃ មួយរូប ដែលមានសេចក្តីក្លាហាន ហ៊ានរិះគន់អំពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និង ស្ថាប័នព្រះមហាក្សត្រថៃ។ នៅថ្ងៃចន្ទ ទី២៩ ខែមករា នាងបានថ្លែងប្រាប់អ្នក យកព័ត៌មានបារាំង តាមទូរស័ព្ទថា នាង បានរត់ចេញពីប្រទេសថៃ ២សប្តាហ៍មក ហើយ ហើយបច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះ អាសន្ន ក្នុងប្រទេសមួយនៅក្នុងតំបន់ អាស៊ី។
នាងបានអះអាងថា នៅពេលដែលនាងទទួលបានសិទ្ធិជ្រកកោននយោបាយ ក្នុងប្រទេសនោះ នាងនឹងបន្តធ្វើសកម្មភាព បរិហារ រិះគន់ អំពីអំពើរំលោភបំពានសិទ្ធិ លទ្ធិប្រជាធិបតេយ្យ និងចំណុចអវិជ្ជមានរបស់រដ្ឋាភិបាកយោធាថៃ។ នាងបន្តថា នាងបានរត់គេចចេញពីប្រទេសថៃ ដោយ សារនាងមិនចង់ជាប់ឃុំដោយសារតែរឿងនាង បានចែករំលែកបន្ត នូវអត្ថបទសរសេរ ជាភាសាថៃមួយ ផ្សាយដោយបណ្តាញព័ត៌ មានBBC។ អត្ថបទនោះ សរសេររៀបរាប់ អំពីបុគ្គលិកលក្ខណៈដ៏មិនគួរឲ្យគោរព របស់មហាក្សត្រថ្មីគឺព្រះចៅមហា វិជ្ជរ៉ា ឡុងកន។
សូមបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍ កន្លងមក អត្ថបទសរសេរពីព្រះចៅ មហា វិជ្ជរ៉ាឡុងកន មហាក្សត្រថ្មីរបស់ថៃនេះ ត្រូវបានមនុស្សរាប់ពាន់នាក់ ចែកចាយ បន្តគ្នា នៅតាមបណ្តាញសង្គម។ រហូតមក ដល់ពេលនេះ អាជ្ញាធរថៃ បានធ្វើការ ចាប់ខ្លួន និស្សិតម្នាក់ភេទប្រុស ហើយបាន បញ្ជូនទៅតុលាការ ដែលបានសម្រេច ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទ ប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រ។ យ៉ាងណាមិញ សូម្បីតែខ្លឹមសារ សរសេរ ដែលតុលាការ ចាត់ទុកថាជាការប្រមាថ ព្រះមហាក្សត្រនេះ ក៏អ្នកកាសែតនានាមិនអាចស្រង់យកមកផ្សាយបានទេ បើពុំ នោះទេ ប្រាកដជាទាប់ទោសពីបទប្រមាថព្រះមហាក្សត្រដែរ។
ដោយឡែក លោក វិប៊ុន ធិនវឌ្ឍនៈគុន តំណាងស្នងការដ្ឋានតម្រួតថៃ បានអះ អាងថា សមត្ថកិច្ចថៃ ពិតជាកំពុងតាមចាប់ មនុស្សមួយចំនួនពិតមែន ហើយក្នុង ចំណោមនោះ បណ្តឹងមួយ ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅតុលាការហើយ ដោយប្តឹង ស្ត្រី ឈ្មោះឆានុកកន រូមសាប ពីបទមើលងាយព្រះចេស្តាមហាក្សត្រថៃ៕ ម៉ែវ សាធី