ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ឡាច ទូច មានសិទ្ធិជួលដីខ្មែរឲ្យជនជាតិវៀតណាមធ្វើស្រែប្រាំង

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានឲ្យដឹងថា ដីស្រែប្រាំងក្នុងទំហំរាប់ម៉ឺនហិកតា នៅតាមបណ្ដោយព្រំដែនវៀតណាម ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យលោកឧកញ៉ា ឡាច ទូច ម៉ៅការជួលទៅឲ្យប្រជាជនវៀត ណាម ។

តាមសេចក្ដីរាយការណ៍ថា ដីស្រែប្រាំង នៅទីនោះគឺឧកញ៉ា ឡាច ទូច ម៉ៅការយក អស់ហើយដើម្បីជួលឲ្យទៅជនជាតិវៀតណាមធ្វើស្រែប្រាំងដែលអាចធ្វើបាន២រដូវ ដោយក្នុងមួយរដូវៗក្នុងមួយហិកតាជួល តម្លៃពី១លានរៀលដល់២លានរៀល ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការធ្វើ ស្រែរបស់ជនជាតិវៀតណាមគឺពួកគេប្រើប្រាស់សុទ្ធតែឧបករណ៍ទំនើបៗ ហើយពួកគេបានធ្វើរោងស្នាក់នៅយ៉ាងរឹងមាំថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះជនជាតិ វៀតណាមទាំងនោះបានធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យដោយមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។

ជុំវិញករណីខាងលើលោក ឡូ ប៊ុណ្ណា នាយប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំបានទទួលស្គាល់ថា លោកឧកញ៉ា ឡាច ទូច ពិតជាបានជួល ដីនៅចំណុចខាងលើទៅឲ្យជនជាតិវៀតណាមមែន ព្រោះប្រជាពលរដ្ឋខ្មែរមិនមានបច្ចេកទេសក្នុងការធ្វើស្រែដូចជនជាតិវៀតណាម។ លោកបន្ដទៀតថា ចំពោះរឿងនេះ លោកបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើរួចរាល់អស់ហើយ ប៉ុន្តែរហូតមកដល់ ពេលនេះមិនទាន់មានចំណាត់ការយ៉ាង ណានោះទេ ។

ចំណែកលោក នៅ ទូច មេឃុំកំពង់ភ្នំ បានឲ្យដឹងថា លោកដឹងរឿងលោកឧកញ៉ា ឡាច ទូច ជួលដីក្នុងមូលដ្ឋានឃុំកំពង់ភ្នំឲ្យទៅជនជាតិវៀតណាមដែរតែបើឲ្យពលរដ្ឋខ្មែរយើងធ្វើគឺមិនបានស៊ីនោះទេ ព្រោះខ្វះ បច្ចេកទេស។ ទាក់ទងរឿងជនជនវៀតណាមមកបោះទីតាំងរស់នៅលើទឹកដីខ្មែរលោកថា អារឿងជនអន្ដោប្រវេសន៍មិនមែនជំនាញលោកទេគឺខាងស្នងការខេត្តកណ្ដាលទើបមានជំនាញ អ៊ីចឹងលោកសុំមិននិយាយ អី្វច្រើនទេ ។

រីឯលោកឧកញ៉ា ឡាច ទូច បានថ្លែងថា លោកគ្មានពេលនិយាយជាមួយអ្នកកាសែតទេ ព្រោះលោករវល់ការងារច្រើនណាស់។

កាលពីពេលថ្មីៗកន្លងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួង មហាផ្ទៃបានហៅការជួលដីទៅឲ្យពលរដ្ឋប្រទេសជិតខាងថា ជារឿងខុសច្បាប់ហើយបានអំពាវនាវដល់ពលរដ្ឋក៏ដូចជាអាជ្ញាធរ កុំជួលដីឲ្យទៅពលរដ្ឋប្រទេសជិតខាង។

ករណីនេះប្រជាពលរដ្ឋកំពុងរង់ចាំមើលអាជ្ញាធរខេត្តកណ្តាលមានចំណាត់ការយ៉ាងណាចំពោះឧកញ៉ា ឡាច ទូច ដែលកំពុង បំពានការណែនាំរបស់សម្តេចក្រឡាហោមនោះ ៕ ហេង សូរិយា


ចែករំលែក៖