ភ្នំពេញ៖ ស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឲ្យមន្ទីអប់រំរាជធានីយកចិត្តទុកដាក់បន្តអុវត្តសេចក្ទីណែនាំរបស់ក្រសួង ក្នុងស្មារតីធានាឲ្យវិស័យអប់រំ មានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច និងបរិយាកាសសង្គម ។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៧-២០១៨ នៅមន្ទីរអប់រំរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
លោកអភិបាលបានបន្ថែមថា៖រាល់សមិទ្ធផល ដែលកើតឡើង មិនមែនជាភាព ចៃដននោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នា ពិសេស ការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។ ក្រៅពីនោះ ក៏ត្រូវតែមានសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានាបាននូវសមធម៌ ឈានទៅរការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ក្នុងនោះលោកអភិបាល បានរំលឹកអំពី អតីតកាលជាង៤០ ឆ្នាំ មុន ដែលកម្ពុជាបានធ្លាក់ទៅក្នុងអន្លុងភ្លើងសង្គ្រាមរាំរ៉ៃ ធ្វើខូចខាតទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធទាំងប្រទេស ហើយធនធានមនុស្សភាគច្រើនត្រូវបានគេសម្លាប់ក្នុងរបបប្រល័យពូជសាសន៍។
ជាមួយគ្នានោះលោក ឃួង ស្រេង ស្នើឲ្យប្រជាពលរដ្ឋ មន្រ្តីអប់រំ គ្រប់ជាន់ថ្នាក់បន្ត ក្មួយៗសិក្សានុសិស្ស រួមគ្នាថែរក្សា សន្តិភាពដែលកំពុងមានឲ្យគង់វង្សយូរអង្វែង ។ មានសន្តិភាព ទើបប្រទេសមានការអភិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃ។ កុំជឿការញុះញ៉ុងពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបង្កើតតែបញ្ហាហើយមិនទទួលខុសត្រូវម្តងណានោះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំរាជធានីភ្នំពេញថ្លែងថា ឆ្នាំសិក្សា២០១៧-២០១៨នេះ តាមការណែនាំរបស់ក្រួងអប់រំយុវជននិងកីឡា មន្ទីរអប់រំរាជធានីភ្នំពេញ ពង្រឹងការអនុវត្តន៍ ម៉ោងបង្រៀនរបស់គ្រូ ឲ្យអនុវត្តតាមម៉ោងកំណត់ និងបង្រៀនឲ្យបានចប់តាមកម្មវិធីសិក្សារបស់ក្រសួង។ ជម្រុញការបង្រៀននិងរៀនរបស់គ្រូតាមមុខវិជ្ជាឯកទេស ត្រូវមានប្រើប្រាស់សម្ភារៈឧបទ្ទេស ឬ ធ្វើពិសោធន៍បង្ហាដល់សិស្ស ជម្រុញការរៀបចំឲ្យមានបណ្ណាល័យ នៅគ្រប់សាលារៀន តាមគ្រប់រូបភាព ។
ទាក់ទងទៅនិងការអប់រំក្រៅប្រព័ន្ធ លោកប្រធានមន្ទីរអប់រំបញ្ជាក់ ក្រសួងមានផែនការបង្កើនប្រសិទ្ធនៃការគ្រប់គ្រងកម្មវិធីអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ដោយជម្រុញ គោលនយោបាយអប់រំក្រៅប្រព័ន្ធ បង្កើតគណៈគ្រប់គ្រងកម្មវិធីអប់រំក្រៅប្រព័ន្ធ ថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងដៃគូរអភិវឌ្ឍន៍ ជាពិសេស ស្រង់ស្ថិតិកុមារ យុវជន ក្រៅសាលា ចាអក្ខរជន កុមារបោះបង់ការសិក្សា ឲ្យបានច្បាស់លាស់ កំណត់ទីតាំង និងកាលបរិច្ឆេទ ការចូលរៀនថ្នាក់អប់រំក្រៅប្រព័ន្ធឲ្យបានច្បាស់លាស់ ជ្រើសរើសគ្រូបង្រៀន ថ្នាក់អប់រំក្រៅប្រព័ន្ធ នៅក្នុងមូលដ្ឋាន ធ្វើការបណ្តុះបណ្តាផ្នែកគរុកោសល្យ និងវិធីសាស្រ្តបង្រៀន ដល់គ្រូ បង្រៀន ថ្នាក់ក្រៅប្រព័ន្ធ៕ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច