ខេត្តមណ្ឌលគិរី៖ មុននេះប្រមាណជា២ម៉ោងត្រូវបានគេរាយការណ៍មកថា មានករណីផ្ទុះអាវុធស្ថិតនៅ ប៉ុស្តិ៍អូរលៀ ស្រុកអូររាំង ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ទៀតបានស្លាប់ ដោយឡែកប្រជាពលរដ្ឋដែលជាអ្នកបកប្រែ និងជាប្រជាពលរដ្ឋក្នុងសហគមន៍រងរបួសធ្ងន់ ហើយត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត មុននេះបន្តិចនៅវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
គេពុំទាន់ដឹងពីមូលហេតុនៃការផ្ទុះអាវុធបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនោះទេ ។ ការសន្និដ្ឋានជាច្រើនបកស្រាយផ្សេងៗគ្នា ប៉ុន្តែមុនកើតហេតុ៣ម៉ោងមន្ត្រីបរិស្ថានដែលបានស្លាប់នោះ បានទូរស័ព្ទមកកាន់ប្រធានប៉ុស្តិ៍អូររាំងផ្នែកបរិស្ថាន ប៉ុន្តែមិនបានលើកទូរស័ព្ទ ក្រោយមកក៏មានហេតុការណ៍ផ្ទុះអាវុធនេះកើតឡើង ដូច្នេះគេពុំដឹងថា ការផ្ទុះអាវុធនេះផ្តើមឡើងដោយបញ្ហាអ្វីនោះឡើយ។
លោកស្វាយ សំអាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកអ៊ុក សំណាង ស្នងការនគរបាលខេត្ត អះអាងដូចគ្នាផងដែរថា ពិជាមានការផ្ទុះអាវុធមែនកាលពីព្រលប់ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ។
ព័ត៌មានចុងក្រោយមុននេះ៥នាទី ជនរងគ្រោះដែលជាប្រជាពលរដ្ឋក្នុងសហគមន៍ រងរបួសដោយគ្រាប់កាំភ្លើងធ្លាយចេញពោះវៀន និងបាក់ដៃ ក៏បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកមុននេះបន្តិច ។ ដូច្នេះជនរងគ្រោះក្នុងហេតុការណ៍នេះ ម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ម្នាក់ជាមន្ត្រីបរិស្ថាន និងម្នាក់ទៀតជាប្រជាសហគមន៍ត្រូវបានស្លាប់ទាំង៣នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីបរិស្ថាននៅកន្លែងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីនោះ៕ សុខ ខេមរា