ខេត្តតាកែវ៖ យ៉ាងហោចណាស់មានកម្មការិនី៤៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារតែប្រជាពលរដ្ឋបាញ់ថ្នាំស្រូវនៅក្បែររោងចក្រ បណ្តាលឲ្យមានក្លិនពុលភាយចូលក្នុងរោចចក្រ កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងរោងចក្រសេឌូណូ ខេមបូ នីតធីង ស្ថិតក្នុងភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
បើតាមសម្តីកម្មការិនីម្នាក់ធ្វើការនៅរោងចក្រនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានធំក្លិនម្យ៉ាង សាយភាយចូលក្នុងអគាររោងចក្រ។ នៅពេលនោះ ស្រាប់តែមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ធ្វើឲ្យផ្អើលឆោឡោតែម្តង ហើយត្រូវបានគេដឹកសង្គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កម្មករកម្មការិនីដែលដួលសន្លប់ក្នុងរោងចក្រខាងលើមាន៤៧នាក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកបាទី។
ចំពោះមូលហេតុដែលធ្វើឲ្យមានការដួលសន្លប់នេះដោយសារតែប្រជាពលរដ្ឋជាកសិករបាញ់ថ្នាំស្រូវការពារសត្វល្អិតនៅក្បែររោងចក្រហើយសាយក្លិនចូលក្នុងរោងចក្រនេះតែម្តង៕ ភ្នំដា