ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបើកឡានសុខៗ ស្រាប់តែផ្ទុះឆេះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំៈ រថយន្ត១គ្រឿងដឹកទឹកផ្លែឈើជាច្រើនមុខ ខណៈ​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច​ភូមិ​បន្ទាយ​យោមរាជ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្រាប់តែផ្ទុះឮស្នូរដូចគ្រាប់បែក បង្កឲ្យឆាបឆេះចេញជាអណ្តាតភ្លើ បណ្តាល​ឲ្យ​មនុស្សម្នាក់ស្លាប់​ និង​ម្នាក់ទៀតរបួសធ្ងន់ នៅវេលា​ម៉ោង​ជិត៥ល្ងាច ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១គ្រឿង ប្រភេទ​កូរ៉េ​ខ្លប់ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​សរ ដឹក​ទឹក​ផ្លែឈើ​ជាច្រើនមុខ បើកបរ​ក្នុងទិសដៅពី​ជើង​ទៅ​ត្បូង ដោយមាន​ធំក្លិន​ហ្គាស។ ក្រោយមក​បន្តិច ស្រាប់តែរថយន្តនោះបាន​​ផ្ទុះឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ​នៅ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​ព្រូឡាន​ម្នាក់​ត្រូវឆេះស្លាប់ក្នុងបឹងភ្លើង ចំណែក​តែ​កុងរថយន្ត​រងរបួស​ធ្ងន់ ត្រូវបានដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែកបារាយណ៍​សន្ទុកភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច​មូលដ្ឋានបានចុះ​អន្តរាគមន៍ បាញ់​ពន្លត់ និង​សម្រួល​ចរាចរណ៍​។ រហូតមកដល់​ល្ងាចថ្ងៃដដែល សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន​ច្បាស់លាស់ នៅឡើយ​ទេថា ការផ្ទុះឆេះនេះ បណ្តាលមកពីអ្វី។ ចំណែក​ជនរងគ្រោះ ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖