ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកមិនប្រកាន់ស្ដាំទៅបុកនឹងម៉ូតូបញ្ច្រាសគ្នាពេញទំហឺងកាលពីថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នាទី លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ អណ្ដូងតាសី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យនគរវត្តដឹងថា អ្នកជិះម៉ូតូរងគ្រោះមានឈ្មោះ ម៉ម សំអៀ អាយុ ៣៤ ឆ្នាំ មុខរបរ បុគ្គលិកអង្គការ LOLC រស់នៅភូមិ ចេក សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរម្នាក់ឈ្មោះអេង លីសុបណ្ឌិត អាយុ ០៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិសង្កាត់ជាមួយគ្នា ដោយបើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១B ២៩៤៨ ខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តម៉ាក កាមរី ពណ៌ ទឹកមស ពាក់ស្លាកលេខ ភ្នំពេញ ២J ៩២៧៦មិនត្រូវបានស្គាល់ឈ្មោះនៅឡើយក្រោយកើតហេតុបើកទ្វារថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗ។
យោងយាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានបុរសម្នាក់និងក្មេងប្រុសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១B ២៩៤៨ដោយធ្វើដំណើររពីត្បូងទៅជើង ខណៈនោះស្រាប់តែមានរថយន្ដម៉ាក កាមរី ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២J ៩២៧៦ ធ្វើដំណើរពីជើងទៅត្បូង មិនប្រកាន់ស្ដាំបញ្ច្រាសគ្នាបុកគៀបជាប់យ៉ាងពេញទំហឺងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យខេត្តស្វាយរៀង។
បន្ទាប់មកសមត្ថកិច្ចបានវាស់វែងព្រមទាំងអូសរថយន្ត និងម៉ូតូរក្សាទុកនៅអធិការក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបញ្ជាក់ថាមូលហេតុ គឺដោយសារតែរថយន្ដបើកបរមិនប្រកាន់ស្ដាំ ៕ យឹម សុថាន