ភ្នំពេញ៖ រថយន្តទំនើបគ្មានពន្ធចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាកឡិចស៊ីសLX៥៧០ ស៊េរី២០១៨ ពាក់ស្លាកលេខនគរបាល (ន.ប) និងមួយគ្រឿងទៀតម៉ាកហ៊ីយាស ពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម) ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តចុះចាប់ដូចភ្លៀងរលឹម ប៉ុន្តែប្រជាពលរដ្ឋសង្ឍឹមថា ការចាប់រថយន្តគ្មានពន្ធទាំងអស់នេះនិងមានតម្លាភាព ដោយអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមែនជាល្ខោនគ្រាន់តែសម្តែងនៅចំពោះមុខប្រជាពលរដ្ឋ តែនៅក្រោយខ្នងវិញបែរជាដោះលែងតាមក្រោយ ។
ករណីឃាត់រថយន្តស៊េរីទំនើបគ្មានពន្ធខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថ បានចុះឃាត់រថយន្តទំនើប ពាក់ស្លាកលេខនគរបាល (ន.ប) និងខេមរភូមិន្ទ (ខ.ម) គ្មានពន្ធចំនួនពីរគ្រឿងដោយក្នុងមួយគ្រឿងមានតម្លៃជាង១០ម៊ឺនដុល្លារផងដែរ នឹងបញ្ចូនមកទីស្នាក់ការសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ផងដែរ ។
យោងតាមមន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស ៕ ស តារា