ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវជនសង្ស័យពីរនាក់ចោទថារាយការណ៍ឲ្យសមត្ថកិច្ចចាប់វាយរងរបួស

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់រត់ទៅប្ដឹងសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យវាយរងរបួសបាក់ក្តោងច្រមុះ នៅរសៀល ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្រោយចោទប្រកាន់ជនរងគ្រោះថា ជាអ្នករាយការណ៍ឲ្យសមត្ថកិច្ចចាប់គ្នាគេម្នាក់ពាក់ព័ន្ធករណីរកស៊ីជួញដូរមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀង។

ជនរងគ្រោះឈ្មោះ អេង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករអូសរទេះ ចេញចូលកម្ពុជា ថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្នាក់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះអះអាងថាត្រូវជនសង្ស័យប្រុស២នាក់ ព្រួតវាយខ្លួនកំពុងឈរកាន់រទេះ ដោយគេដាល់ជាច្រើនដៃបណ្តាលឲ្យបាក់ខ្ទង់ច្រមុះ ជាំថ្ពាល់ ពកថ្ងាស់ ហើយគ្រងយកដុំថ្មវាយបន្ថែម ប៉ុន្តែត្រូវអ្នកស្រុកដែលឆ្លងកាត់ទីនោះជួយឃាត់ទាន់ពេលវេលា ។

ជនរងគ្រោះប្រាប់ថា ជនសង្ស័យទាំង២នាក់នោះម្នាក់ឈ្មោះ វុធ និងម្នាក់ឈ្មោះ បារាំង ហើយចោទខ្លួនថា ជាអ្នករាយការណ៍ឲ្យសមត្ថកិច្ចចាប់ឈ្មោះ បារាំង កាលពីថ្ងៃមុន រឿងករណីជូនមនុស្សឆ្លងដែនខុសច្បាប់ ខណៈគាត់មិនដឹងអី និងមិនមែនជាអ្នករាយការណ៍ផង។

ពេលនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដើម្បីឲ្យជួយរកយុត្តិធម៌។

ករណីចោទប្រកាន់ខាងលើនេះ មិនអាចទាក់ទងជនសង្ស័យឈ្មោះវុធ និងឈ្មោះ បារាំង ដើម្បីសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។

នគរបាលយុត្តិធម៌ម្នាក់នៃអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ច និងស្រាវជ្រាវ ឬកោះហៅជនសង្ស័យមកសួរនាំដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖