ព័ត៌មានទាន់ហេតុការណ៍៖

ចូលឃាត់កូនៗកុំឲ្យឈ្លោះគ្នា ដូចចូលឲ្យកូនវាយនឹងដងពូថៅដួលបោកក្បាលហូរឈាម

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ បានរងរបួសក្បាលដោយសារតែកូនដើមរបស់ប្រពន្ធឈ្លោះគ្នាហើយបុរសនេះចូលទៅឃាត់ ត្រូវកូនប្តីដើមរបស់ប្រពន្ធនឹងពូថៅដួលបោកក្បាល កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃអង្គារ ១៤កើត ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ត ។ ក្រោយកើតហេតុជនសង្ស័យត្រូវនគរបាលបានឃាត់ខ្លួន។ចំណែកជនរងគ្រោះជាឪពុកចុងឈ្មោះ អំ តារា អាយុ៥២ឆ្នាំ មុខរបរជាងសំណង់ បានរងរបួសក្បាល ។

នគរបាលបានឱ្យដឹងបន្ថែមថា នៅវេលាកើតហេតុខាងលើជនល្មើសបានឈ្លោះប្រកែកគ្នាជាមួយប្អូនបង្កើតរបស់ខ្លួនរឿងបាត់លុយហើយបានឈានដល់ការប្រតាយប្រតប់គ្នា ។ ពេលឃើញដូចនេះជនរងគ្រោះក៏ចូលទៅជួយឃាត់ធ្វើឱ្យជនសង្ស័យខឹងបានយកពូថៅបម្រុងកាប់ឪពុកចុង ពេលនោះជនរងគ្រោះបានស្ទុះទៅចាប់ហើយមានការប្រតាយប្រតប់បណ្តាលត្រូវក្បាលនឹងដងពូថៅដួលបោកក្បាលត្រូវចំដែកកន្ទុយរ៉ឺម៉ករយះក្បាលហូរឈាមតែម្តង។ បន្ទាប់មកត្រូវបានអ្នកជិតខាងជួយឃាត់បំបែកចេញ និងនាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ។

ដោយមានដាក់ពាក្យបណ្តឹងពីឪពុកចុងនគរបាលបានចុះទៅឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការបន្ត ៕ តុង ឡេង

 


ចែករំលែក៖