ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បាត់ជីវិត ក្រោយពីដឹកទៅដល់មន្ទីរសំរាកព្យាបាលនិងសម្ភព ស័ង្ក ម៉ារី

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចុះ ទៅត្រួតពិនិត្យមើលមន្ទីរសំរាកព្យាបាលនិងសម្ភព ស័ង្ក ម៉ារី ខណះដែលបុរសជនជាតិចិនម្នាក់ បានស្លាប់បាត់ជីវិត ក្រោយពីដឹកទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងមន្ទីរពេទ្យ ស័ង្ក ម៉ារី តាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ LIU YIWANG ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E100545474 មុខរបរ បម្រើការងារ ឧស្សាហ៍កម្មកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

យោងតាមសម្តីប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ គឺមានជំងឺបេះដូងប្រចាំកាយ ហើយនៅមុនពេលកើតហេតុ រូបគាត់និងប្តី រួមនិងមិត្តភក្តិសរុបគ្នា៤នាក់ បានជិះរថយន្តមួយគ្រឿង ដោយជូនដំណើរមិត្តភក្តិ ឡើងជិះយន្តហោះទៅប្រទេសចិនវិញ ។ពេលរៀបចេញដំណើរនោះពួកគាត់បាននាំគ្នាចូលហូបអាហារ នៅហាងចិនមួយកន្លែងមិនចាំឈ្មោះ ដែលស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប ខណៈដែលកំពុងអង្គុយ មិនទាន់បានហូបបាយផង ជនរងគ្រោះកើតមានអាការមិនស្រួលខ្លួន ងងឹតវិលមុខដួលលើសាឡុង ឃើញសភាពមិនស្រួល ក៏ដឹកតាមរថយន្តបំណងឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត ។ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បើករថយន្តចូលមន្ទីរសំរាកព្យាបាលនិងសម្ភព ស័ង្ក ម៉ារី ស្ថិតនៅក្បែរនោះ តែអកុសលពេល ចូលដល់ក្នុងបន្ទប់សង្រ្គោះបន្ទាន់ភ្លាម ក្រុមគ្រូពេទ្យឆ្លើយថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

តាមគ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យខាងលើបានឲ្យដឹងថា ជនរងគ្រោះ ពេលដែលក្រុមគ្រួសារចូលមកក្នុងសភាពធ្ងន់ធ្ងរទៅហើយ សុំឲ្យពេទ្យជួយ ឃើញដូច្នោះហើយ បើប្រកែកក៏មិនកើត ជួយតាមលទ្ធភាព គ្រាន់តែរុញចូលក្នុងបន្ទប់សង្រ្គោះ ភ្លាមនិងពិនិត្យ ចលនាបេះដូង ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ដោយមិនអស់ចិត្តពីក្រុមគ្រួសារស្នើសុំឲ្យសមត្ថកិច្ចជំនាញ គ្រូពេទ្យជំនាញ ឃើញថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង រួចដឹកសាកសពទៅតម្កល់ទុកនៅ វត្តស្ទឹងមានជ័យ រង់ចាំដឹកបញ្ជូនទៅស្រុកកំណើតវិញ ៕ សុខា សែនជ័យ


ចែករំលែក៖