ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ រៀបចំអាហារសាមគ្គីជូនគណៈប្រតិភូមូលនិធីអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើន កិច្ចសហប្រតិបត្ដិការលើកការងារមនុស្សធម៌ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានរៀបចំពិធីពិសារអាហារសាមគ្គី រួមគ្នា ជូនគណៈប្រតិភូ មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ (SFD) ដែលត្រូវអញ្ជើញនិវត្តន៍ទៅមាតុប្រទេសអារ៉ាបវិញ ក្រោយពីបំពេញទស្សនកិច្ចការងារ មនុស្សធម៌ ដោយផ្តល់ជំនួយហិរញ្ញប្បទានគម្រោងអភិវឌ្ឈន៍នៅតាមប្រទេសកំពុងអភិវឌ្ឈន៍ នៅកម្ពុជាដោយជោគជ័យក្នុង រយៈ ពេល ៤ថ្ងៃដោយបានជួប ពិភាក្សាការងារ ជាមួយស្ថាប័ន១០ ក្រសួងសំខាន់ៗ ជាមួយថ្នាក់ដឹកនាំជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឥស្សរជនសំខាន់ៗរួចមក ។ ពិធីពិសារអាហារសាមគ្គីនេះ បានប្រព្រឹត្ដទៅ កាលពីរាត្រី ថ្ងៃសៅរ៏ ១២កើត ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៨ មករា ឆ្នាំ២០១៨ ។

លោក H.E Eng Yousef Ibrahim Al Abdulrahman Al Bassam អគ្គនាយកមូលនិធិអារ៉ាប៊ីសាអូឌីត (SFD) សម្រាប់ការអភិវឌ្ឍដែលជាស្ថាប័នហិរញ្ញប្បទានរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ដែរថា៖

SFD គឺជាមូលនិធិមានកញ្ចប់ថវិកាឯករាជ្យ ដើមទុន សរុបជាង៩ពាន់លានដុល្លាអាមេរិក។ ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧៤ ដែលផ្តោតសំខាន់ទៅលើការផ្តល់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឈន៍វិស័យនានា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឈន៏ លើពិភពលោក តាម រយៈការផ្តល់ជំនួយ កម្ចី និងជំនួយបច្ចេកទេស ដែលមកដល់បច្ចុប្បន្នបានផ្តល់ជំនួយ និងកម្ចីរួចចំនួន ៦០៩ គម្រោង ក្នុងប្រទេសចំនួន៨២ ក្នុងនោះបណ្តាប្រទេសអាស៊ីចំនួន ២៩ ប្រទេស ដែលសរុបជាទឹកប្រាក់ ប្រមាណជាង១៣ ពាន់លានដុល្លាអាមេរិក។

លោក អូស្មាន ហាស្សាន់ បានលើកឡើងដែរថា៖ កម្ពុជា ស្វាគមន៍រាល់ការវិនិយោគបរទេស ហើយកម្ពុជាក៏ ជា ប្រទេស ដែលពិតជាមានកំណើនសេដ្ឋកិច្ចមិនខុសពីការលេចលឺដល់បណ្តាប្រទេសក្នុងពិភពលោកទេ ជាក់ស្តែង ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដ ប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហាប្រឈម ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ច កម្ពុជានៅតែអាចបន្តកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ ។ ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ បានចាត់ទុក ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែល មាន កំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ីផងដែរ ហើយបាន ប្រសិទ្ធនាមថា ប្រទេសកម្ពុជា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីទៀតផង ៕ សំរិត


ចែករំលែក៖