ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិហូឡង់៣នាក់ បង្ហោះDrone ថតយករូបភាពនៅខាងលិចវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនអ្នកថតកុនជនជាតិហូឡង់៣នាក់ ខណៈពួកគេកំពុងបង្ហោះយន្តហោះបញ្ជាតេឡេកំម៉ង់( Drone) ដើម្បីចាប់យករូបភាពនានានៅតំបន់ហាមឃាត់ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចសួនច្បារខាងមុខវត្តលង្កាផ្លូវព្រះសីហនុ ភូមិ៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា ក្រុមជនបរទេសដែលត្រូវឃាត់នោះទី១ ឈ្មោះ Mark Hocky ភេទប្រុស អាយុ២១ឆ្នាំ ទី២ ឈ្មោះMichael Jessurun ភេទប្រុស អាយុ២១ឆ្នាំនិង ទី៣ ឈ្មោះRich Heusschen ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំង៣ ជាជនជាតិហូឡង់ មុខរបរអ្នកថតកុន ស្នាក់នៅនៅផ្ទះសំណាក់មួយ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងមានយន្តហោះប្រភេទបញ្ជាតេឡេកំម៉ង់(Drone )មួយគ្រឿងនិងទូរស័ព្ទដៃស៊េរីទំនើប៣គ្រឿង។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសជនបរទេសចំនួន៣នាក់នេះ បានដើរមកដល់ចំណុចសួនច្បារខាងលិច វិមានឯករាជ្យត្រង់ទល់មុខវត្តលង្កា បានបើកក្នុងវ៉ាលិសរួចយកយន្តហោះប្រភេទដ្រូនរបស់គេមកបង្ហោះ ដើម្បីចាប់ថតយករូបភាពនានានៅតំបន់ហាមឃាត់នោះ។ពេលឃើញដូច្នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ ខណ្ឌដូនពេញ ចុះមកឃាត់និង នាំខ្លួនជនបរទេសទាំង៣នាក់នោះទៅកាន់ស្នាក់ការប៉ុស្តិ៍រួចហើយធ្វើរបាយការណ៍បញ្ជូនជនបរទេសទាំង៣នាក់រួមទាំងវត្ថុតាងទៅនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីស្រាវជ្រាវរកឯកសារផ្សេងៗដែលថតបានក្នុង Drone រក្សាទុកនិងចាត់ការតាមច្បាប់បន្ត ៕ ប្រាថ្នា


ចែករំលែក៖