ខេត្តកំពង់ឆ្នាំង៖ រថយន្តហាយឡេនឌ័រមួយគ្រឿង ដែលផ្ទុកឈើប្រណីតពេញមួយរថយន្ត ត្រូវបានសមត្ថកិច្ច រដ្ឋបាលព្រៃឈើ ឃាត់បានក្នុងពេលដែលម្ចាស់រថយន្តបានធ្វើសកម្មភាពដឹកឈើប្រណីត ចេញពីស្រុកទឹកផុស ឆ្ពោះទៅរាជធានីភ្នំពេញ ។
ការបង្រ្កាបរថយន្តដឹកឈើនេះគឺធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហមមួយកន្លែង ដែលស្ថិតក្នុងភូមិភ្នំតាសាំង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើប្រណីត ម៉ាកតូយ៉តាហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ ២J-៩៧២៩ ដឹកឈើប្រភេទធ្នង់ចំនួន៤២ដុំ ស្មើនឹង១.២៩ម៉ែត្រគូប ដែលគេស្គាល់ថា ជារបស់មន្រ្តីយោធាប្រចាំនៅស្រុកទឹកផុស ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ការបង្រ្កាបបទល្មើសព្រៃឈើគឺធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មកថា មានរថយន្តហាយឡេនឌ័រ បន្លំដឹកឈើនៅខាងក្នុង បានរត់ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកផុស ។ ពេលនោះកម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាល និង ប៉េអឹម បានដាក់កម្លាំងឃ្លាំមើល នៅក្នុងភូមិនេះតែម្តង។
រហូតដល់ម៉ោងប្រមាណជាង៨យប់ គេឃើញរថយន្តដែលមានភិនភាគខាងឆ្លងកាត់ ហើយសមត្ថកិច្ច បានឃាត់រថយន្តនេះ ប៉ុន្តែមិនបានឈប់ភ្លាមទេ គឺបានបន្ថែមល្បឿនទៅមុខ ក៏សមត្ថកិច្ចប្រដេញតាមក្រោយ បានប្រហែលជាង៥គីឡូម៉ែត្រ រថយន្តបានបែកកង់ ហើយអ្នកបើកបរទុករថយន្តចោលរួចរត់គេចខ្លួនតែម្តង ។ ទាំងរថយន្តនិងឈើត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកទឹកផុស ដើម្បីកសាងសំណុំរឿបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ។
ប្រភពក្រៅផ្លូវការបានឲ្យដឹងថា រថយន្តហាយឡេនឌ័រដឹកឈើមួយគ្រឿងនេះ គឺជារថយន្តរបស់មន្រ្តីយោធាម្នាក់ ដែលគេស្គាល់ថា ឈ្មោះកែវ រ៉ុន ដែលជាឈ្មួញឈើប្រចាំស្រុកទឹកផុសម្នាក់ ពុំដែលមានសមត្ថកិច្ចណាអាចប៉ះបាននោះទេ ហើយបានដឹកឈើកក្រើកស្រុកទឹកផុស។ ទើបតែពេលនេះ សមត្ថកិច្ចឃាត់បាន ហើយក៏ជាលើកទី២ហើយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ គឺទី១រថយន្ត ស៊ីណាក្រឡាប់ចេញសុទ្ធតែឈើ និង លើកទី២នេះសមត្ថកិច្ចប្រដេញចាប់បានតែម្តង ។
ជារៀងរាល់យប់ គេសង្កេតឃើញថា នៅតាមផ្លូវជាតិលេខ៥ មានសត្ថកិច្ចឈរជើង បណ្តាក់គ្នា ដូចខ្យង ប៉ុន្តែកម្រនឹងឃើញសមត្ថកិច្ចបានរថយន្តដឹកឈើនេះខ្លាំងណាស់ ទាល់តែរថយន្តជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ទើបដឹងថា រថយន្តដឹកឈើប្រណីត ៕ ចន្ថា