ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទ​ កឹម​ សុខា​ ​ត្រូវ​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍​ ​ ដើម្បី​ចូលរួម​សវនាការ​ រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ចែករំលែក៖

ភ្នំពេញ​៖ ​ជនត្រូវ​ចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បានបញ្ជូន​មក​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។

ក្រុម​អ្នក​សារព័ត៌មាន​ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បរិវេណ​សាលាឧទ្ធរណ៍​ទេ​ ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ លោក​ ផូ​ ពៅ​ស៊ុន​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ និង​ លោក​ព្រះ​រាជ​អាជ្ញា​ ហ៊ឹង​ ប៊ុនជា​ ជា​តំណាង​មហា​អយ្យការ​ ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ “សន្និដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕ចេស្តា


ចែករំលែក៖