ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ិន ច័ន្ទនីរ័ត្ន ពិចារណាទទួលថតរឿងថ្មីក្រោយរឿង«ធ្មប់»ផ្ទុះការគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសាងភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងសម្រេចចិត្តទទួលយកការសម្តែងភាពយន្តជាថ្មីក្នុងភាពយន្តខ្នាតធំរឿង”ធ្មប់”។ ក្រោយភាពយន្តនេះកំពុងផ្ទុះចេញការគាំទ្រខ្លាំងនាងថានឹងអាចជាកម្លាំងចិត្តថ្មីសម្រាប់នាងពិចារណាថតភាពយន្តថ្មីបន្ទាប់ទៀត។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល ហ៊ិន ច័ន្ទនីរ័ត្នបោះបង់ចោលការសម្តែងព្រោះតែនាងលើកហេតុផលថាមិនមានពេលគ្រប់គ្រាន់ក្នុងការចេញថត។ ប៉ុន្តែមានការខ្សិបខ្សៀវថានាងមិនថតព្រោះតែជាប់បម្រាមគូស្នេហ៍និងមិនចង់ឲ្យនាងហត់និងថតក្រោមកម្តៅថ្ងៃ ពិសេសគេចចេញពីការប៉ះពាល់សាច់។ ការលើកឡើងនេះត្រូវបាននាងច្រានចោលថាមិនមែនជាការពិត។

តារាស្រីរូបនេះលើកឡើងថា គឺនាងមានការងារជាពិធីករច្រើននៅទូរទស្សន៍បាយ័ន និងការងារជាពិធីការិនីក្នុងកម្មវិធីខាងក្រៅជាច្រើនទៀត។ការចាក់បញ្ចាំង ស្នាដៃដំបូង នាដើមឆ្នាំ២០១៨នេះគឺរឿង”ធ្មប់”ដែលកំពុងល្បីល្បាញ ទទូលការគាំទ្រ ជាខ្លាំងពីទស្សនិកជននោះបានធ្វើឲ្យនាងពេញចិត្តជាខ្លាំង។

នាងនិយាយថា នាងបានគិតទុក តាំងពីថ្ងៃបើកសម្ពោធម្ល៉េះថា ស្នាដៃដែលសម្រិតសម្រាំងពីម្ចាស់ផលិតកម្មមាតុចក្រហ្វីលម៍នឹងមានអ្នក ចាប់អារម្មណ៍ច្រើនពេលដាក់បញ្ចាំងផ្លូវការ។ដូចការគ្រោងទុកភាពយន្តនេះទទួលប្រជ្រិយភាព ជាខ្លាំងនាប៉ុន្មានថ្ងៃនេះនៅតាមរោងភាពយន្តនានា។នាងបន្តថាការទទួលជោគជ័យ ពីស្នាដៃដំបូងក្នុងឆ្នាំថ្មីគឺជាការបើកផ្លូវសម្រាប់កញ្ញាដើម្បីបន្តសម្ដែងភាពយន្តថែមទៀត សម្រាប់ឆ្នាំ២០១៨។

ដូចកញ្ញាបានសន្យាថា នឹងអាចថតភាពយន្ត១ទៅ២រឿងទៀតក្នុងឆ្នាំថ្មីនេះប្រសិនបើរឿង«ធ្មប់» ទទួលការគាំទ្រ ពីទស្សនិកជន។ពេលនេះ”ធ្មប់”ពិតជាមានការគាំទ្រខ្លាំងដែលជាហេតុធ្វើឱ្យកញ្ញាចាប់ផ្ដើមទទួលថតភាពយន្តបន្តទៀតប្រសិនបើផលិតករ ទាក់ទងមកទោះជារវល់ការងារផ្សេងៗទៀតក៏ដោយ។

យ៉ាងណាក៏ដោយតារាសម្ដែង និងជាពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បញ្ជាក់ថា ប្រសិនអាចនាងចង់សម្ដែងភាពយន្តដែលសាច់រឿងប្រហាក់ប្រហែលដូចររឿង”ធ្មប់”ម្ដងទៀតបើមានផលិតណាអាចផលិតដូចនេះ។ការអះអាងដូច្នេះព្រោះតែកញ្ញាយល់ថាជាសាច់រឿងមួយថ្មី ប្លែកសម្រាប់នាង ក្នុងការសម្ដែងភាពយន្ត។តារាស្រីរូបនេះមិនបានបញ្ជាក់ពីតម្លៃខ្លួននៃការចេញថតភាពយន្តនេះទេប៉ុន្តែតាមការបង្ហើបពីប្រភពនានាកញ្ញាទទួលបានប្រាក់កម្រៃមិនក្រោម៥ពាន់ដុល្លារនោះទេ ពីស្នាដៃល្បីល្បាញនេះដែលជាហេតុធ្វើឱ្យកញ្ញាក្លាយជាតារាមានទីផ្សារខ្ពស់ម្នាក់ក្នុងចំណោមតារាសម្ដែងស្រីលំដាប់ជួរមុខមួយចំនួន៕ វឌ្ឍនា


ចែករំលែក៖