ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូ ពីចំហៀងបណ្ដាលឲ្យរ៉ឺម៉កម៉ូតូ ក្រឡាប់ផ្ងារកង់ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម៉ូតូបង្កម៉ាក ហុងដា ស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BC-2744 ជិះដោយបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារកង់ខូចខាតនិងម្ចាស់រងរបួសស្រាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញរ៉ឺម៉កម៉ូតូ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីត្បូងទៅជើង។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូហុងដាស្គូពីដែលជិះដោយបុរសម្នាក់ក្នុងល្បឿនលឿនមកពីក្រោយ បុកចំហៀងរ៉ឺម៉កបណ្ដាលឲ្យក្រឡាប់តែម្ដង និងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសបែកមុខធ្ងន់ធ្ងរ។
ប្រភពពីម្ចាស់រ៉ឺម៉កម៉ូតូ បានឲ្យដឹងថា រូបគាត់បានបើករ៉ឺម៉កម៉ូតូតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីត្បូងទៅជើងបំណងទៅមន្ទីរពេទ្យព្រះកេតុមាលា។លុះ ពេលមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យដែលជាចំណុចផ្លូវបំបែកក៏បន្ថយល្បឿនក៏ត្រូវម៉ូតូបើកមកពីក្រោយមកបុកចំពីចំហៀងខាងស្ដាំបណ្ដាលឲ្យក្រឡាប់តែម្ដង។
ក្រោយពីកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានទៅយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរ៉ឺម៉កម៉ូតូ ត្រូវសមត្ថកិច្ច វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ