ប៉ោយប៉ែត៖ អ្នកស្លាប់ និងរបួសជាពលករខ្មែរច្រើននាក់ ត្រូវបានគេដឹកតាមរថយន្តសង្រ្គោះពីចំណុចកើតហេតុ ទៅចូលមន្ទីរពេទ្យស្រុកអារញ្ញ ក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តស្រះកែវ ប្រទេសថៃ នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សម្លេងក្មេងតូចម្នាក់ស្រែកទ្រហ៊ោយំក្នុងមន្ទីរពេទ្យ ខណៈម្តាយរបស់គេឈ្មោះ វ៉ាន់ សុខលី បានស្លាប់ និងបុរសជាឪពុករបស់គេ ក៏របួសធ្ងន់ ទាំងមិនទាន់ឈប់បៅដោះផងនោះ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សប្រុស ស្រី២នាក់ស្លាប់ និងប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ និង១១នាក់ផ្សេងទៀត រួមទាំងកុមារផងដែររងរបួសស្រាល។
ប្រភពថា ពលករទាំងនេះ ទើបឆ្លងដែនពីច្រករបៀងមួយក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ដោយសារថយន្តបើកលឿនហើយក្រឡាប់ជាច្រើនត្រឡប់។
ពលករគ្រប់គ្នាបើទៅរកការងារធ្វើលើទឹកដីថៃ គួរគប្បីទៅតាមលក្ខណៈស្របច្បាប់ចៀសវៀងគ្រោះថ្នាក់ដោយប្រការណាមួយគ្មានអ្នកទទួលខុសត្រូវ ៕ វណ្ណា