ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវម្ចាស់ម៉ូតូ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង បន្ទាប់ពីជននេះខ្ចីម៉ូតូថាទៅទិញសាច់ក្លែមហើយទៅបាត់រហូតដល់៩ថ្ងៃទើបតែប្រទះឃើញបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃ ព្រហស្បតិ៍ ១រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល នៅតាមផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនសង្ស័យត្រូវបាននាំខ្លួនមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍គោកឃ្លាងដើម្បីបន្តនីតិវិធី។
នគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ ចាន់ ប៊ុនរត្ន័ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល៤៤៤៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ លាន សុីម៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៣១ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យោងតាមពាក្យបណ្តឹងរបស់បុរសរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ គាត់និងជនសង្ស័យធ្លាប់ស្គាល់គ្នាហើយជនសង្ស័យបានមកផឹកសុីនៅផ្ទះរបស់ខ្លួន (ជនរងគ្រោះ) ពេលនោះជនសង្ស័យខ្ចីម៉ូតូគាត់ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO.9008 ដោយប្រាប់ថា ទៅទិញទាអាំងមកក្លែមបន្ត ។ ពេលនោះគាត់ក៏ប្រគល់សោម៉ូតូឲ្យទៅជនសង្ស័យ ព្រោះគាត់ធ្លាប់ស្គាល់គ្នា ប៉ុន្តែបែរជាទៅបាត់រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ២០០៤ចាប់នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងតែម្តង។
លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចបន្តនីតិវិធីតាមច្បាប់ ពីព្រោះជនសង្ស័យនិយាយថាខ្លួនគេពិតជាបានខ្ចីម៉ូតូយកទៅលក់បានលុយសុីចាយអស់ហើយ ៕ តុង សីហា