ខេត្តបាត់ដំបង៖ តំណាងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋ បានអោយដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ថា ដីព្រៃ ដីភ្នំ នៅក្នុងសហគមន៍ភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានក្រុមហ៊ុន ហេង សម្បត្តិ ដាក់គ្រឿងចក្រជីកយកអាចម៌ដីស្ទើរតែរាបស្មើ ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ គ្មានវិធានការទប់ស្កាត់នោះឡើយហើយអាជ្ញាធរ និងមន្ត្រីជំនាញបានត្រឹមឆ្លើយដាក់គ្នា។
តំណាងសហគមន៍ភូមិថ្មី បានអោយដឹងថា ដីព្រៃភ្នំក្នុងសហគមន៍ ភូមិថ្មី ត្រូវបានក្រុមហ៊ុន ហេង សម្បត្តិ ដាក់គ្រឿងចក្រជីកកកាយយកអាច៌មដីជាយូរមកហើយ សកម្ម
ភាពរបស់ក្រុមហ៊ុនបានបង្កឱ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលលរដ្ឋ កន្លងមកប្រជាពលរដ្ឋនាំគ្នាតវ៉ាដែរតែអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធគ្មានការដោះស្រាយនោះឡើយ។
លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបង ក៏បានអោយដឹងដែរថា ក្រុមហ៊ុន ហេង សម្បត្តិ ដែលកំពុងដាក់គ្រឿងចក្រកាយដីព្រៃភ្នំក្នុងសហគមន៍ខាងលើ គឺមិនមានច្បាប់ទេ ហើយលោកក៏បានចុះទៅហាមឃាត់និងណែនាំក្រុមហ៊ុនឱ្យចូលមកធ្វើច្បាប់តែក្រុមហ៊ុននេះរហូតមកដល់ពេលនេះមិនទាន់មកធ្វើច្បាប់ឡើយ។
លោកប្រាប់ទៀតថា ក្រុមហ៊ុនមានច្បាប់សុយសារជាបន្ទុករបស់រដ្ឋដែលបានបន្តពីក្រុមហ៊ុនកូរ៉េ ប៉ុន្តែទោះបីបែបណា ក៏ត្រូវធ្វើច្បាប់សម្រាប់ការធ្វើអាជីវកម្ម។
លោក ជុំ ញ៉ អភិបាលស្រុកបាណន់ ពាក់ព័ន្ធករណីនេះ លោកបានបំភ្លឺដល់អ្នកសារព័ត៌ានឱ្យដឹងថា រឿងនឹងលោកបានដាក់លិខិតអោយទៅមន្ទីររ៉ែ និងថាមពល ពិនិត្យ ដើម្បីសម្របសម្រួលដោយមានការឯកភាពគ្នាទាំងសហគមន៍ និងមេឃុំ អោយក្រុមហ៊ុនជីកយកតែដីល្បាប់ខាងលើប៉ុណ្ណោះ មិនអនុញ្ញាតអោយកាយដីរ៉ែយកដីក្រហមទេ។
លោកបន្តថា ចំពោះបញ្ហាថា ក្រុមហ៊ុនមានច្បាប់ ឬអត់ ច្បាប់លោកគ្មានសិទ្ធិឆែកត្រួតពិនិត្យនោះទេ ម្យ៉ាងទៀតនៅពេលឯកភាពគ្នាទាំងសហគមន៍ និងមេឃុំ ហើយនៅពេលដែលលោកបានអនុញ្ញាតក៏មិនដាក់យល់ព្រមដែរគឺគ្រាន់តែអោយខាងលោកប្រធានមន្ទីររ៉ែ និងថាមពល ធ្វើការសម្របសម្រួលប៉ុណ្ណោះ៕ សំ វិច្ឆិកា