ភ្នំពេញ៖ អគ្គិភ័យមួយបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅក្បែររបងវិទ្យាល័យវត្តភ្នំ ផ្អើលដល់កូនសិស្សកំពុងតែរៀនរត់ចែកជើងគ្នា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាប់របងខាងត្បូងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ផ្លូវលំ ភូមិ១៥ ក្រុម២០២ សង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគេឃើញមានផ្សែងហ៊ុយចេញពីដំបូលផ្ទះជនរងគ្រោះ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សិស្សសាលាកំពុងរៀននិងសមត្ថកិច្ចចម្រុះចុះទៅអន្តរគមន៍ ។ដោយសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ មានអ្នកខ្លះនាំគ្នាយកញញ៉ួរមកវាយកំម្ទេចជញ្ជាំង ខ្លះទៀតឡើងលើដំបូលផ្ទះ ដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ ។
ក្នុងហេតុការណ៍នោះដែរគេឃើញ កម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះអន្តរាគមន៍ជួយពន្លត់ភ្លាមៗ និងសហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ បាញ់រលត់នៅវេលាម៉ោង ១១និង៣៥នាទី នាថ្ងៃដដែល ។ ហើយហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួន ។
យោងតាមប្រភពពីនគរបាលការិយាល័យពន្លត់អគ្គិភ័យ បានឲ្យដឹងថា ជាបឋមរថយន្តចេញពន្លត់អគ្គីភ័យចំនួន១១គ្រឿង ដោយបាញ់ពន្លត់អស់៥គ្រឿង មូលហេតុនៃការឆេះនេះគឺបណ្ដាលមកពីផ្ទុះេសខ្សែភ្លើង ចេញពីលើដំបូលផ្ទះជនរងគ្រោះទើបបណ្ដាលឲ្យឆាប់ឆេះតែម្តង ៕ ស តារា