ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់ត្រូវព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាសមត្ថកិច្ច ឲ្យចាប់ខ្លួនក្រោយពីលួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃទ្រនាប់អូរអស់៦៤៤៨ហិកតា

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនល្មើសជនជាតិវៀតណាមម្នាក់ ត្រូវបានចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧និង២០នាទីថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត បន្ទាប់ពីជននេះលួចឈូសឆាយដីព្រៃទ្រនាប់អូរ ព្រៃរក្សាទុក របស់រដ្ឋ នៅចំនុចអូរព្រាល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចឈូសឆាយដីព្រៃបម្រុង អូរ របស់រដ្ឋ លោកបានដឹកនាំកម្លាំងចម្រុះ ក្រោមការបញ្ជាផ្ទាល់ពីលោកអិត សុធា ព្រះរាជអាជ្ញា អមសាលាខេត្តកំពង់ធំ បានចុះទៅដល់ទីតាំងដែលគ្រឿងចក្រជនជាតិវៀតណាម កំពុងឈូសឆាយ កម្លាំងក៏បានឃាត់ខ្លួនជាក់ស្តែង និងរឹបអូសយកគ្រឿងចក្រ អេស្កាវូទ័រ ១គ្រឿង បញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលឃាត់់ខ្លួនបានមានឈ្មោះ ង្វៀន ឌឹកញឹន ភេទប្រុស អាយុ៥៥ឆ្នាំរស់ នៅក្នុងក្រុមហ៊ុន ភឿកហ្វា ការដ្ឋានទី១ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ការឈូសឆាយនេះ លោកបានទទួលបញ្ជា ពីនាយកក្រុមហ៊ុនចំការកៅស៊ូ ភឿកហ្វា ឈ្មោះង្វៀន វាន់ ល្វៀន ហើយដីដែលពួកគេបានឈូសឆាយ មាន៦៤៤៨ហិកតា។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យករណីនេះ ត្រូវបានចាត់វិធានការបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖