ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្តកិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ដក្រឡុកស៊ីម៉ង់ត៍កិនចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមួយគ្រឿងទៀតគេចខ្លួនបាត់ កាលពីម៉ោង១៨និង៤០នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្ថានីយបូមទឹក តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជុំ ជៀប ភេទប្រុស អាយុ៤៥ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DD-4552 ។ ចំណែករថយន្ដបង្កជាប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន សម្បត្តិមានហេង ពាក់ស្លាកលេខ ភ្នំពេញ5A-1364 អ្នកបើកបរគេចខ្លួនបាត់។

សាក្សីឃើញហេតុការណ៍និយាយថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមផ្លូវលេខ៣៧១ ពីលិចទៅកើត ស្របគ្នាជាមួយរថយន្ដបង្ក ខណៈមកដល់កន្លែងកើតហេតុមានម៉ូតូមួយគ្រឿងទៀតម៉ាក ស៊ុយស៊ូគីវីវ៉ា មិនចាំស្លាកលេខ បើកវ៉ាខាងស្ដាំដៃជនរងគ្រោះធ្វើឲ្យទាក់ដៃចង្កូតម៉ូតូគ្នាបណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោយកង់រថយន្ដក្រឡុកស៊ីម៉ង់ត៍កិនចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗតែម្ដង រីឯម៉ូតូមួយទៀតដែលទាក់ដៃចង្កូតគ្នានោះមិនបានដួលនោះទេ ហើយក៏ជិះគេចខ្លួនបាត់។

ស្ទះចរាចរណ៍ជាច្រើនម៉ោង ព្រោះនៅផ្លូវនេះសំបូររថយន្ដដឹកទំនិញធុនធំធ្វើដំណើរឆ្លងកាត់ ហើយគេបានឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ដើម្បីបញ្ជៀសនៃការកកស្ទះ៕ ភារ៉ា ដង្កោ


ចែករំលែក៖