ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងត្រង់ចំណុច ផ្លូវបែកជាបួន បណ្ដាលឲ្យម៉ូតូ មួយគ្រឿង បាក់ក ហៀរសាំងឆាបឆេះ តែត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល និងបណ្ដាលឲ្យម្ចាស់ផ្សេងទៀត រងរបួសបាក់ជើងម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង ១និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ លេខ៤៣០ កែងនិងផ្លូវលេខ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញម៉ូតូ Duke ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FW-9459 ជិះដោយបុរស ២នាក់ បើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន បានបុកនិងម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-5222 ពេញទំហឹង បណ្តាលឲ្យម៉ូតូមួយគ្រឿងបាក់ក ហៀសាំងនិងមានអគ្គិភ័យឆាបឆេះឡើង តែត្រូវបានប្រជាពលរដ្ឋនាំគ្នា ពន្លត់បាន ទាន់ពេលវេលា។
ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យម្ចាស់ម៉ូតូ Duke ម្នាក់បាក់ជើង និងម្នាក់ទៀតរបួសស្រាល រីឯម្ចាស់ម៉ូតូឌ្រីម រងរបួសស្រាល ត្រូវរថយន្តសាម៉ុយ ដឹកទៅមន្ទីរពេទ្យព្យាបាល ។
សមត្ថកិច្ចចុះវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយគ្នាពេលក្រោយ ៕ ភារ៉ា ដង្កោ