ព័ត៌មានទាន់ហេតុការណ៍៖

ថន តារា វិលត្រឡប់ទៅរស់នៅជួបជុំស្វាមីនៅឯប្រទេសថៃវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយដំណឹងស្នេហ៍ប្រែប្រួលបានសាយភាពពេញចង្កោមអ្នកសិល្បៈនោះ ថន តារា បានវិលត្រឡប់ទៅរស់នៅជួបជុំស្វាមីវិញហើយ ។ ការវិលទៅរស់នៅជួបជុំស្វាមីនេះ បានបន្សាបដំណឹងស្នេហ៍ប្រះឆារវាងនាង និងស្វាមី ។

អតីតតារាសម្តែងនិងពិធីករអ្នកនាង ថន តារា បានរៀបការជាមួយបុរសជនជាតិថៃយ៉ាងគគ្រឹកគគ្រេងកាលពីខែមិថនា ឆ្នាំ២០១៦កន្លងទៅ ។ ក្រោយពីបង្ហាញភាពផ្អែមល្ហែមខ្លាំងមិនបានប៉ុន្មានផង ចំណងស្នេហ៍ឆ្លងប្រទេសមួយនេះត្រូវបានគេទម្លាយថា មានការប្រែប្រួលលែងដូចដើម ។ ប្រែប្រួលមិនដូចមុន ព្រោះតែមានភាពរកាំរកូសខ្លះនៅក្នុងគ្រួសាររហូត ថន តារា ពន្យារពេលចេញទៅរស់នៅប្រទេសថៃជាមួយស្វាមីដូចគ្រាមុន ។

ទោះជាយ៉ាងណាដំណឹងនេះ បានរសាត់បាត់ក្រោយពេល ថន តារាបានជិះយន្តហោះចេញដំណើរទៅប្រទេសថៃ ដោយមានស្វាមី និងកូននៅចាំទទួល ។ ទៅដល់ព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិភ្លាម តារាស្រីរូបនេះ បានបង្ហាញភាពស្និទ្ធស្នាល និងនឹករលឹកស្វាមី និងកូនប្រុសខ្លាំង រួមទាំងបានថតបន្តផ្ទាល់វីដេអូខ្លីមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបញ្ជាក់ថា នាងពិតជាមកដល់ និងមានស្វាមីមកទទួលការធ្វើដំណើរនេះពិតមែន ។

ដំណើរជួបជុំគ្នាវិញ របស់នាងគឺក្រោយពេលដែលនាងបានពន្យាពេលចេញទៅរួមរស់ជាមួយស្វាមីប្រមាណជាង៣ខែមកហើយ គឺនាងនៅតែរស់នៅភ្នំពេញជាមួយម្តាយនិងប្អូនស្រីដដែល ។

គួរបញ្ជាក់ដែរថា តារាសម្តែងនិងពិធីការិនី ថន តារា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងពិធីមង្គលការដ៏អធឹកអធមជាមួយនឹងមន្ត្រីក្នុងជួររដ្ឋាភិបាល និងជាអ្នកជំនួញជនជាតិថៃ លោក ណាវៈរ៉ាត់យូបំារ៉ុង វ័យ៥២ឆ្នាំកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៦ ។ ក្រោយរៀបការភ្លាមនាងបានចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសថៃភ្លែតជាមួយនាងការលើកមុខមាត់ខ្លាំងពីស្វាមីនៅទីនោះ ៕ វឌ្ឍនា


ចែករំលែក៖