ភ្នំពេញ៖ ឡានកុងន័របើកល្បឿន អ្នកបើកបរងងុយដេក រេបុករបាំងថ្មចែកទ្រូងផ្លូវបាក់៣កង់ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ឯអ្នកបង្កចុះគេចខ្លួនបាត់កាលពីម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ទុលមុខនឹងស្ថានីយបូបទឹកស្អុយបឹងត្របែក ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាប់ព្រុំប្រទល់សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ ។
ព័ត៌មានឲ្យដឹងថា រថយន្តសណ្តោងកុងន័រ ម៉ាក ISUZU ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C 2057បានធ្វើ ដំណើរ តាមផ្លូវ២៧១ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់៣កង់ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម ហើយរថយន្តក្រពិតផ្នែកខាងចំហៀងខាងឆ្វេង កល់ទៅមុខលែងរួច តែមនុស្សមិនរបួសឡើយ ។
អ្នកបើករថយន្តបង្កនិយាយថា បើករថយន្ត ចេញពីម្តុំផ្លូវវេងស្រេង គោលបំណងទៅផែស្ងួតនៅម្តុំដីឥដ្ឋ ខេត្តកណ្តាល តែមកដល់ចំណុចកើតហេតុ រូបគេងងុយដេកក៏ងោកមួយភាំង រេចង្កូតបុកទ្រូងផ្លូវនិងបង្គោលភ្លើង ។ ថាតែប៉ុណ្ណេះរួច អ្នកបើកបរដែលមានវ័យជាង២០ឆ្នាំនេះបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។
សមត្ថកិច្ចជំនាញបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង យករថយន្តបង្កដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ