ព្រៃវែងៈ ក្មេងទំនើង២ក្រុម ជិះម៉ូតូដេញកាប់ប្រហារគ្នា បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ចំណែកក្រុមជនបង្ក បាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១១ ខាងមុខអាហារដ្ឋានសំពៅមាសហេងៗ ស្ថិតក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្រុមជនរងគ្រោះមានគ្នា៤នាក់ ទី១.ឈ្មោះ ស៊ុន ខេមរ៉ា ហៅច្រូច អាយុ១៧ឆ្នាំ ត្រូវរបួសដៃ ទី២.ឈ្មោះ យ៉ែម ចំរើន អាយុ១៧ឆ្នាំ ទី៣.ឈ្មោះ ខន សំណាង អាយុ១៨ឆ្នាំ និងទី៤.ឈ្មោះ រុន សុខហេង អាយុ១៦ឆ្នាំ។ ទាំង៤នាក់នេះ រស់នៅឃុំ-ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនបង្កបើកបរម៉ូតូ១គ្រឿង ដោយមានគ្នីគ្នា៤នាក់ ជ្រែពេញផ្លូវ។ ស្រាប់តែមួយរំពេចក្រោយមក គេឃើញដេញកាប់ប្រហារក្រុមជនរងគ្រោះបណ្តាលឲ្យរបួសម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតមិនមានរងរបួសនោះទេ រួចក្រុមជនបង្កនាំគ្នាជិះម៉ូតូគេចបាត់ស្រមោលអស់។
ក្រោយកើតហេតុ យុវជនរងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកដាលីននៅផ្សារស្វាយអន្ទរ។ ហើយខណៈនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមជនបង្កមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក